(កំពង់ចាម)៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទីពីរនេះ រដ្ឋបាលខេត្តកំពង់ចាម បានត្រៀមលក្ខណៈបើកប្រតិបត្តិការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត ប្រមាណជាង ២ម៉ឺននាក់ និងត្រៀមទីតាំងសម្រាប់ចាក់វ៉ាក់សាំងចំនួន២៨កន្លែង នៅតាមបណ្ដាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម។

លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានលើកឡើងដូច្នេះនាព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ ២០២១ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំអនុគណៈកម្មការ ចំពោះកិច្ចការវ៉ាក់សាំងកូវីដ-១៩ ដឹកនាំប្រជុំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត ចូលរួមដោយមន្ទីរស្ថាប័នអង្គភាពជុំវិញខេត្ត និងអភិបាលស្រុក-ក្រុង ក្នុងខេត្តកំពង់ចាម ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹមសួរ ភីរុណ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងលើកទី១ មន្ទីរសុខាភិបាលខេត្ត ទទួលបានវ៉ាក់សាំងចំនួន១០.៨០០ ដូស អាចចាក់បាន ៥.៤០០ នាក់។ ដូច្នេះមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ កំពុងប្រតិបត្តិការចាក់វ៉ាក់សាំងដូសទី២ បានចំនួន ៣.៣៣១ នាក់ហើយ ដោយបានរៀបចំទីតាំងចំនួន៩ តាមមន្ទីរពេទ្យបង្អែកក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម និង មានក្រុមគ្រូពេទ្យ១១ ក្រុម ក្នុងមួយក្រុមមាន ១០នាក់។

ដោយឡែក ក្នុងផែនការយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២នេះ លោកប្រធានមន្ទីរសុខាភិបាលឲ្យដឹងដែរថា តាមព័ត៌មានក្រៅផ្លូវការ មន្ទីរសុខាភិបាលខេត្តកំពង់ចាម អាចទទួលបានវ៉ាក់សាំងចំនួន ៥០.០០០ ដូស ដែលអាចចាក់បាន ២៥.០០០នាក់។

ជាមួយគ្នានេះដែរ មន្ទីរសុខាភិបាល ក៏បានរៀបចំទីតាំងបន្ថែមទៀត មានសរុប ២៨ ទីតាំងនៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព នៃបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាមតែម្តង។ ក្នុងនោះដែរ មានគ្រូពេទ្យសរុប៤១ ក្រុម ក្នុងក្រុមនីមួយៗ មានក្រុមគ្រូពេទ្យ១០នាក់។

លោក គឹមសួរ ភីរុណ បានបញ្ជាក់ថា យុទ្ធនាការលើកទី២ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រសួងសុខាភិបាលបានណែនាំឲ្យប្រើរយៈពេលតែ ១៤ ថ្ងៃប៉ុណ្ណោះ ដើម្បីចាក់ឲ្យអស់វ៉ាក់សាំង។

ជាមួយគ្នានេះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានណែនាំឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ រៀបចំឯកសារផែនការ ឲ្យបានឆាប់រហ័ស ដើម្បីបញ្ជូនទៅក្រសួងសុខាភិបាលធ្វើការពិនិត្យ និងសម្រេច។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២នេះ រដ្ឋបាលខេត្តកំពង់ចាម បានយកទីតាំងសាលាខេត្ត ដើម្បីចាក់ជូនមន្ត្រីរាជការ ដោយរៀបចំគ្រូពេទ្យចំនួន ៤ក្រុមដែលអាចចាក់ បានចំនួន ៦០០នាក់ ក្នុង១ថ្ងៃ។ ដូច្នេះ លោកសូមឱ្យប្រធានមន្ទីរ ក៏ដូចអភិបាលក្រុង-ស្រុក ទាំងអស់ សូមបញ្ជូនឈ្មោះមន្ត្រីរាជការរបស់ខ្លួន ក្នុងគោលការណ៍ស្ម័គ្រចិត្ត រាប់ពីសមាជិកភូមិ រហូតដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ត្រីក្រុមប្រឹក្សាស្រុកផងដែរ ដើម្បីឱ្យរដ្ឋបាលខេត្តរៀបចំកម្មវិធីចាក់វ៉ាក់សាំងជូនពួកគាត់ បានទាន់ពេលវេលា នៅពេលដែលរដ្ឋបាលខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំងពីក្រសួងសុខាភិបាលក្នុងពេលឆាប់ៗខាងមុខនេះ៕