(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោកស្រី ចាន់ អ៉ីម ជាមាតា និងក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ថន ចាន់ធឿន ជាមន្ដ្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ស្នងការ បានចាត់ទុកថា មរណភាពរបស់លោកអនុសេនីយ៍ឯក ថន ចាន់ធឿន គឺជាការបាត់បង់នូវកូន បង ប្អូន និងឪពុកជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវធនធានមនុស្សដ៏ល្អ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាបំពេញភារកិច្ចលើការងារសណ្ដាប់ធ្នាប់ចរាចរណ៍ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនសង្គមជាតិ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមចូលរួមចំណែកមរណទុក្ខដោយក្ដីសោកស្ដាយ និងសូមបួងសួងឧទ្ទិសផលបុណ្យកុសលជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក ថន ថាន់ធឿន បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោកអនុសេនីយ៍ឯក ថន ចាន់ធឿន គឺជាជនរងគ្រោះទី៨ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា៕