(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយលោកអភិបាលរង មន្រ្តីរាជការសាលាខណ្ឌ និងលោកស្រី ចៅសង្កាត់ត្រពាំងក្រសាំង កាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បាននាំយកថវិការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចំនួន៥លានរៀល សំភារៈមួយចំនួន ព្រមទាំងថវិការរបស់រដ្ឋបាលខណ្ឌ និងសង្កាត់ត្រពាំងក្រសាំងចំនួន ១លាន អង្ករ១០០គីឡូ និងសំភារៈមួយចំនួនទៀត ជូនដល់គ្រួសារលោក ឈាន ប៊ុនធឿន ហៅ DJ ប៊ូម អាយុ៣៨ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺ COVID-19។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បាននាំនូវការផ្តាំផ្ញើការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជូនក្រុមគ្រួសារសព។

សូមបញ្ជាក់ថា ឈាន ប៊ុនធឿន ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ (ជិតផ្សារសាមគ្គី) ជាពិធីករ Freelance តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កំរិត១ និងលើសឈាម, ក្រុមគ្រូពេទ្យរកឃើញមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងមានខ្សោយសួតខ្លាំង។ តេស្តឃើញជំងឺកូវីដ១៩នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសងខ្លាំងធ្ងន់ធ្ងរខ្លាំង ដោយមេរោគកូវីដ១៩វាយលុក។

រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ១៩ ចំនួន៨នាក់ហើយ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩

* ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
* ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
* ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
* ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
* ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
* ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
* ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។
* ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕