(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការបញ្ជូនកម្លាំងទាហានមួកខៀវកម្ពុជា បានថ្លែងថា រយៈពេល១០ឆ្នាំ មកនេះ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានបំពេញបេសកកម្ម ក្រោមស្លាកអង្គការសហប្រជាជាតិ បានពលីជីវិតចំនួន៤នាក់ និងរងរបួស៥នាក់ ។

លោក ប្រាក់ សុខុន បានថ្លែងបែបនេះ ក្នុងសន្និបាត របស់កងកម្លាំងរក្សាសន្តិភាព អង្គការសហប្រជាតិរបស់កម្ពុជា នាវិមានសន្តិភាព នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦នេះ។

ក្នុងរយៈពេល១០ឆ្នាំនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ បានចំនួន៣.៥៥៧នាក់ ទៅបំពេញបេសកម្មបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមបណ្ដាប្រទេសនានា ក្នុងនោះមានប្រទេសស៊ូដង់, សូដង់ខាងត្បូង ឆាដ-សាធារណរដ្ឋអាហ្វ្រិកកណ្ដាល លីបង់ ស៊ីរី ម៉ាលី និង អាហ្វ្រិកកណ្ដាល ជាដើម៕