(ភ្នំពេញ)៖ ក្រុមហ៊ុនសាជីវកម្ម JTC របស់ជប៉ុន បាននិងកំពុងសិក្សា និង ពិនិត្យលទ្ធភាព ដើម្បីបោះទុនវិនិយោគលើការកែច្នៃកៅស៊ូ និងដំឡូងមី ដើម្បីនាំចេញទៅកាន់ប្រទេសជប៉ុន និង បណ្តាប្រទេសផ្សេងៗទៀត។

ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់សម្រាប់ដំណើរការរោងចក្រកែច្នៃកៅស៊ូ និងដំឡូងមីនេះ លោក Tatsuo FUJIMURA ប្រធានសាជីវកម្ម JTC នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ បានចូលជួប​សំណេះសំណាល សាកសួរសំណួរ និងការណែនាំ ព្រមទាំងការគាំទ្រពីទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល។

លោក កែន រដ្ឋា អ្នកនាំពាក្យក្រ​សួងពាណិជ្ជកម្មបានប្រាប់ Fresh News ថា ក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគាំទ្រពេញទំហឹង ចំពោះលោក FUJIMURA ព្រមទាំងបានសន្យា​ជួយដល់ការ​នាំចេញកៅស៊ូនិងដំឡូងមី ពីកម្ពុជាទៅកាន់អ្នកប្រើប្រាស់ដោយផ្ទាល់។ លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តឲ្យលោក FUJIMURA ស្វែងយល់ពីលទ្ធភាព នៃការវិនិយោគ​លើរោងចក្រកែច្នៃកៅស៊ូ និង ដំឡូងមីនៅក្នុងប្រទេសកម្ពុជា។

លោក កែន រដ្ឋា បានបន្តថា ការចុះមកសិក្សាពិនិត្យលទ្ធភាព​បើករោងចក្រកែច្នៃកៅស៊ូ និង ដំឡូងមី ពីក្រុមហ៊ុនសាជីវកម្ម JTC នៅ កម្ពុជានេះ ដោយសារក្រុមហ៊ុនសម្លឹងឃើញកម្ពុជា មានសក្តានុពលផ្នែក​ដំណាំកៅស៊ូ និងដំណាំដំឡូងមីផងដែរ។

លទ្ធផល នៃការសិក្សារបស់ក្រុមហ៊ុនសាជីវកម្ម JTC គេនៅមិនទាន់ដឹងថា មានលទ្ធផលយ៉ាងណានៅឡើយទេ ហើយក្រុមហ៊ុននឹង ចូលជួបពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ រួមនិងក្រុមហ៊ុន​វិនិយោគដទៃ​ទៀតនៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក កែន រដ្ឋា។

ដំណាំកៅស៊ូ និង ដំឡូងមី របស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានគេមើលឃើញថា តែងរងគ្រោះជាប់ជានិច្ចនៅពេលប្រមូលផល ដោយសារ តម្លៃតែងតែប្រែប្រួលមិនទៀងទាត់ ខណៈដែលប្រទេសកម្ពុជា មិនទាន់​មានរោងចក្រ​កែច្នៃកៅស៊ូ ចេញទៅផលិតផលផ្សេងៗនោះ។

លោក កែន រដ្ឋា បានបង្ហាញគំនិតសុទិដ្ឋិនិយមថា ប្រសិនបើរោងចក្រកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន JTC អាចលេចចេញជារូបរាងនៅ កម្ពុជាមែននោះ វាអាចនឹងជួយឲ្យការប្រកបរបរដាំកៅស៊ូនៅកម្ពុជា នឹងមានភាព​ល្អប្រសើរ ពោលមិនសូវរងគ្រោះ ដោយសារការប្រកួតប្រ​ជែងទីផ្សារ​កៅស៊ូនៅលើពិភពលោក។

លោក កែន រដ្ឋា បានឲ្យដឹងផងដែរថា ក្រុមហ៊ុនសាជីវកម្ម JTC បាននិងកំពុងបើករោង​ចក្រ​កែច្នៃកៅ​ស៊ូមួយ​នៅក្នុងប្រទេសវៀតណាម ដើម្បីនាំផលិតផលកែច្នៃ​ពីកៅស៊ូទៅ​កាន់ប្រទេសជប៉ុន៕