(បាត់ដំបង)៖ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈនេះ បានដឹកនាំប្រតិភូនាំអំណោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខកុមារពិការភ្នែក គថ្លង់នៅអង្គការគ្រួសារថ្មីបាត់ដំបង។

លោក ងៀង សុភាន់ នាយកសាលាកុមារពិការភ្នែកនិ ងកុមារគថ្លង់ ដោយបានរៀបរាប់ ពីការរីកចម្រើន នៃការអប់រំក្នុងសាលា រៀងរហូតមក ក៏ដោយសារមានថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់តែងតែ​ជួយឧត្ថម​គាំ​ទ្រកន្លងមក។

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូនាំអំណោយ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះសួរសុខទុក្ខកុមារពិការភ្នែក គថ្លង់នៅ​អង្គការគ្រួសារថ្មីបាត់ដំបង ដែលមានកុមារសរុបចំនួន១១៤នាក់ (ស្រី៥៥នាក់) ក្នុងនោះកុមារគថ្លង់មាន៧៦នាក់ ស្រី៤៨នាក់។

នៅក្នុងពិធីសំណេះសំណាលនេះដែរ គណៈអធិបតីក៏បានប្រគល់អំណោយមាន ៖ អង្ករ១តោន ទឹកក្រូច១០កេស ទឹកសុទ្ធ៥យួរ ទឹកស៊ីត្រី ស៊ីអ៉ីវ១០យួរ ចានបាយមួយចំនួន ថវិកាសរុប ៣,៨៧០,០០០រៀល ក្នុងនោះ ក៏បានឧត្ថមដល់លោកគ្រូ អ្នកគ្រូ ៣២នាក់ម្នាក់ៗបាន២ម៉ឺនរៀល និងកុមារពិការ គថ្លង់ ទាំង១១៤នាក់ ម្នាក់ៗទទួលបាន១ម៉ឺនរៀល។ នៅក្នុងពិធីនេះគណៈអធិបតី ក៏បានរៀបចំ​ពិធីហូបបាយសាមគ្គីផងដែរ៕