(ញូវយ៉ក់)៖ ក្រុមហ៊ុនកាហ្វេធំជាងគេលំដាប់ទី១ នៅក្នុងពិភពលោក Starbucks Corp នៅថ្ងៃ​ចន្ទនេះ បានចុះកិច្ចព្រមព្រៀង​ជាមួយពាណិជ្ជករ និងជាមហាសេដ្ឋីអ៊ីតាលី លោក Antonio Percassi ក្នុងការបើកហាងកាហ្វេ Starbucks នៅក្នុងប្រទេសអ៊ីតាលី ហើយក៏ជា​ហាងកាហ្វេ Starbucks ដំបូងគេបំផុតផងដែរ នៅក្នុងប្រទេសអ៊ីតាលី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN Money នៅថ្ងៃទី២៩ ខែកុម្ភៈនេះ បានឲ្យដឹងថា ទីក្រុង Milan​​​ នឹងក្លាយជាទីក្រុង ដំបូងគេបំផុតនៅក្នុងប្រទេសអ៊ីតាលី ដែលមានហាងកាហ្វេ​ Starbucks ប៉ុន្តែហាងមួយនេះ នឹងចាប់ផ្ដើមដំណើរការនៅដើម ឆ្នាំ២០១៧។

តំណាងក្រុមហ៊ុន Starbucks បានឲ្យដឹងថា Milan គឺជាទីក្រុងស៊ីវិល័យ​មួយ ដែលពោរពេញ​​ទៅ​ដោយភាពជឿនលឿន និងរីកចម្រើន ដូច្នេះហើយការប្រតិបត្តិក្នុងការបើកហាងកាហ្វេ Starbucks នៅក្នុងទីក្រុងមួយនេះគឺដំណើរការបានល្អ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០១៥ ហាងកាហ្វេ Starbucks មានជាង ២៣,៤៥០កន្លែង នៅក្នុងពិភពលោក ដោយនៅក្នុងឆ្នាំ២០១៤ រកចំណូលបាន ១៦,៤ពាន់លានដុល្លារអាមេរិក និង​ចំ​ណេញសុទ្ធ៤ពាន់លានដុល្លារអាមេរិក៕