(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅយប់ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថ ចុះទៅបង្ក្រាប​ទីតាំងកាសីុណូ អត់ច្បាប់មួយ​កន្លែងទើប​បើកដំណើរ​​ការ​បាន​មួយភ្លែត ស្ថិតនៅក្នុងបុរីប្រិមប្រិយ សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរ៉ា ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសខេត្តសៀមរាប បានប្រាប់ Fresh News ថា «ក្រោយចុះបង្ក្រាបកម្លាំងរបស់យើង​ក្រោមការបញ្ជាផ្ទាល់ពីអភិបាលខេត្ត បានឃាត់មនុស្ស១៤នាក់ មានស្រី៥នាក់ រួមទាំងមេការម្នាក់ ព្រមទាំងឧបករណ៍​សម្រាប់លេងល្បែង​សីុសងជាច្រើនផងដែរ»

លោកស្នងការរង បានបញ្ជាក់បន្ថែមថា «នេះជាកន្លែងបើកល្បែងសីុសងដ៏ធំ ដែលយើងអាចហៅថា ជាកាសីុណូ អត់ច្បាប់មួយ ស្ថិតនៅអតីតហាងម៉ាស្សា វាយបញ្ចូលគ្នា៥ល្វែង»

លោក អ៊ុំ អមរ៉ា បានបន្តថា ចំពោះទីតាំងល្បែងសីុសង​មួយនេះ ក្រោយទទួលបានព័ត៌​មានជំនាញមកនោះ លោកអភិបាលខេត្ត បានបញ្ជាឲ្យ​លោកដឹក​នាំកម្លាំង ចុះសើុបអង្តេត​ និងតាមដានស្រាវជ្រាវ ហើយនៅពេល​បើកដំណើរការ មានភស្តុតាងនោះ គឺយើងចូលបង្ក្រាបតែម្តង។

ក្រោយការឃ្លាំមើល នារយៈ​ពេលប្រមាណជិតមួយអាទិត្យនេះ តាំងពីថ្ងៃពួកគេ​ដឹកសម្ភារៈ​ចូល រហូតយប់ថ្ងៃនេះ ពួកគេបានបើក​ដំណើរថ្ងៃដំបូង ក៏យើងចុះ​បង្ក្រាបតែម្តង ដោយសហការគ្នា​រវាងកម្លាំង​នគរបាល និងកម្លាំងអាវុធហត្ថ។

ក្រោយការចុះបង្ក្រាប និងចាប់ខ្លួនមនុស្សទាំង១៤នាក់​រួចមក ពួកគេ និងវត្ថុតាងរួម​មាន បៀរបាក់​ការ៉ាត់៤ បៀរសន្លឹក ១០កេស ទូហ្គេម ២៨គ្រឿង និងទូហ្គេមបាញ់ត្រី៣គ្រឿង រ៉ូឡិច ១គ្រឿង កុំព្យូទ័រ ២គ្រឿង កាមេរ៉ា ៥គ្រឿង រួមនិងសំភារៈផ្សេងៗ មួយចំនួនថែមទៀត ដែល​ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្តទៀត៕