(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាបនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានបំណងមកកាន់ខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយស្រុកជីក្រែង ខេត្តសៀមរាបថា អាជ្ញាធរបានរៀបចំកន្លែង ត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងណែនាំឲ្យអនុវត្តការស្កេន QR Code Stop COVID-19 «ទប់ស្កាត់ ជំងឺកូវីដ១៩»។

ការប្រកាសដំណឹងស្តីពីការរៀបចំទីតាំងរួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងណែនាំឱ្យអនុវត្តការស្កេន QR Code Stop COVID-19 បានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា កំពុងជួបប្រទះបញ្ហារីករាលដាលជំងឺកូវីដ១៩ ជាព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» ដ៏ធ្ងន់ធ្ងរមួយមិនធ្លាប់មាន។

ខណៈគិតត្រឹមរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១០៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៣៨នាក់ និងអ្នកជំងឺសម្រាកព្យាបាលចំនួន ៥២១នាក់។

នៅលើ Facebook លោក ទៀ សីហា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងមកកាន់ខេត្តសៀមរាប តាមផ្លូវជាតិលេខ៦ ព្រំប្រទល់ស្រុកស្ទោង ខេត្តកំពង់ធំ ជាមួយស្រុកជីក្រែង ខេត្តសៀមរាប ទាំងអស់ឱ្យបានជ្រាបថា យើងបានរៀបចំកន្លែង ត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងណែនាំឱ្យអនុវត្តការស្កេន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ១៩” ដោយតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ៖

*ទី១៖ សូមបងប្អូនដែលមានទូរស័ព្ទដៃទំនើប (smart phone) ពេលដល់ច្រកត្រួតពិនិត្យ សូម Scan រួចអាចធ្វើដំណើរបន្តបាន (ក្នុងករណីមិនមានការសង្ស័យ)

*ទី២៖ ករណីមិនមាន ទូរស័ព្ទដៃទំនើប (smart phone) នឹងមានក្រុមការងារស្រង់ទិន្នន័យ បើបងប្អូនប្រជាពលរដ្ឋ មិនមានពាក់ព័ន្ធនឹងកន្លែងដែលមានហានិភ័យខ្ពស់ទេ គឺអាចធ្វើដំណើរតាមធម្មតាបាន។

ដូចនេះ សូមបងប្អូនធ្វើដំណើរឆ្លងកាត់ចំណុចនេះ សូមចូលរួមអនុវត្តតាមការណែនាំរបស់ក្រុមការងារដែលប្រចាំការនៅទីនោះកុំបីខាន និងសូមបងប្អូនមេត្តាយោគយល់ ចំពោះកិច្ចការនេះ ដែលនឹងអាចធ្វើឱ្យបងប្អូន មានការយឺតយាវក្នុងការធ្វើដំណើរមកកាន់ខេត្តសៀមរាប។ យើងការពារទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរាលដាលនៃ ជំងឺកូវីដ-១៩»៕