(ភ្នំពេញ)៖ ការផលិតអំបិលរំពឹងស្ទើរតែទាំងស្រុងលើអាកាសធាតុ មានន័យថា បើអាកាសធាតុអំណោយផលល្អប្រសើរ ការផលិតអំបិលនឹងទទួលបានទិន្នផលច្រើន។ ជាទូទៅការផលិតអំបិល ទទួលបានទិន្នផលច្រើន ក្នុងអំឡុងពេល៣ខែជាប់គ្នាគឺខែកុម្ភៈ ខែមីនា និងខែមេសា ព្រោះខែទាំងបីនេះជាខែក្ដៅខ្លាំង ការផលិតអំបិលទទួលបានផលច្រើន។

នេះបើតាមការបញ្ជាក់របស់លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

លោក សុខ គឹមជឿន បានឲ្យដឹងថា «សម្រាប់ការផលិតអំបិលឆ្នាំនេះ (ក្នុងខែមីនា)នៅក្នុងខេត្តកំពត មានភ្លៀងកក់ខែចំនួន២មេរួចមកហើយ ដែលធ្វើឲ្យការផលិតអំបិលមានការអូសបន្លាយ។ ប្រសិនបើនៅតែមានភ្លៀងកក់ខែ ជាបន្ដបន្ទាប់ទៀត ការផលិតអំបិលនឹងទទួលបានទិន្នផលតិចជាងឆ្នាំមុន ព្រោះការផលិតអំបិល គឺពឹងផ្អែកលើអាកាសធាតុទាំងស្រុង»

លោកបានបន្ថែមថា ឆ្នាំនេះយើងផលិតផលអំបិលបាន២ម៉ឺនតោនហើយ ហើយបើបន្ដភ្លៀងកក់ខែឆ្នាំនេះ អំបិលនៅតែបន្ដខ្វះខាត និងតម្រូវឲ្យមានការនាំចូលពី បណ្ដាប្រទេសជិតខាង។ មែនទែនទៅប្រសិនបើចន្លោះពីដើមខែមីនា រហូតដល់ចុងខែមីនា និងរាំងពេញមួយខែមេសា និងខែឧសភាទៀតនោះ ការផលិតអំបិលនឹងផ្គត់ផ្គង់បានគ្រប់គ្រាន់។

លោកបានបញ្ជាក់ថា ប្រសិនបើខែមីនានេះមានភ្លៀងកក់ខែ ខែមេសាមានភ្លៀងកក់ខែទៀតនោះ ការផលិតអំបិលមិនបានផលឡើយ។ ជាទូទៅកម្ពុជាត្រូវការអំបិលប្រមាណ១០ម៉ឺនតោន ដើម្បីផ្គត់ផ្គង់បានគ្រប់គ្រាន់។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍បានឲ្យដឹងថា ឆ្នាំ២០២០ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តកំពង និងខេត្តកែបមានទំហំ ៤,៧៤៨ ហិចតា ក្នុងមួយហិចតាផលិតអំបិលបានជាមធ្យោម២០តោន ក្នុងរយៈពេល១ឆ្នាំ។

ក្នុងមួយឆ្នាំកម្ពុជាត្រូវការអំបិល១០ម៉ឺនតោន ដើម្បីផ្គត់ផ្គង់បានគ្រប់គ្រាន់។ ប៉ុន្ដែប្រមាណជា៣ឆ្នាំកន្លងមកនេះគឺឆ្នាំ២០១៧, ២០១៨ និង២០១៩ ការផលិតអំបិលរបស់កម្ពុជាធ្លាក់ចុះ ដោយសារតែអាកាសធាតុមិនអំណោយផល។

ជាក់ស្ដែងក្នុងឆ្នាំ២០១៩កន្លងទៅ ដោយសារតែខ្វះខាតអំបិលផ្គត់ផ្គង់ តម្រូវឲ្យកម្ពុជានាំចូលអំបិល១ម៉ឺនតោន ដើម្បីផ្គត់ផ្គង់លើទីផ្សារ៕