(ពោធិ័សាត់)៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានធ្វើពិធីបិទវគ្គបណ្តុះបណ្តាល​លំហាត់របៀប វិធីសាស្ត្រល្បាត ក្នុងតំបន់ការពារធម្មជាតិ​ដល់មន្ត្រីរាជការមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស​ទាំងបីតំបន់​ក្នុងខេត្តពោធិ៍សាត់ សរុប៣៥នាក់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ  ក្រោមអធិបតីភាពលោកឧត្តមសេនីយត្រី ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ និងដោយមាន​ការចូលរួមពីសំណាក់​ស្នងការនគរបាលខេត្ត អភិបាលក្រុង ស្រុកទាំងអស់ និងតំណាងព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ផងដែរ។

លោកឧត្តមសេនីយត្រី ប៉ែន ណាវណ្ណ  បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបើកវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាព​មន្ត្រីរាជការ និងឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ក្នុងកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវៈ​ចម្រុះ។ បន្ទាប់មក សិក្ខាកាមបានសំដែង​លំហាត់របៀប និងប្តេជ្ញាចិត្តក្នុងការ​បំពេញការងារ អភិរក្សធនធានធម្មជាតិ។ លោកឧត្តមសេនីយត្រី ប៉ែន ណាវណ្ណ បានប្រគល់វិញ្ញាបនប័ត្រ​បញ្ជាក់ការសិក្សា​ជូនដល់សិក្ខាកាម និងគ្រូបង្រៀនផងដែរ ជាការបញ្ចប់កម្មវិធីអង្គពិធី​បានហូបបាយសាមគ្គី​នៅស្នាក់ការឱរ៉ាល់​ពោធិ៍សាត់៕