(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ ដើម្បីមានវិធានការតឹងរឹងជាថ្មីទៀត ជុំវិញការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

ក្នុងឱកាសកិច្ចប្រជុំនេះដែរ លោក ឃួង ស្រេង បានលើកឡើងថា ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញ និងម្ចាស់ទីតាំងអាជីវកម្មដ្ឋាននានា និងប្រឈមមុខដាក់ទោសទណ្ឌ នៅពេលដែលពួកគេ មិនអនុវត្តទៅតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរ និងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ក្រោយពីច្បាប់នេះ ត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។

លោក ឃួង ស្រេង បានបន្តថា កន្លងមកនេះ យើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃការបង្ការទប់ស្កាត់នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី ហើយយើងក៏ជាអ្នកអនុវត្តការងារនេះថ្មីដែរ។ ប៉ុន្តែទោះបីយ៉ាងណាក្តី ដោយសារតែយើងសហការរួមគ្នាជាមួយនឹងកម្លាំងពាក់ព័ន្ធទាំងអស់បានល្អ យើងទទួលបានជោគជ័យមួយចំនួនធំ។ តែការងារនេះយើងត្រូវតែបន្តការសហការគ្នាថែមទៀត ដើម្បីជំរុញឱ្យការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នេះ ទទួលបានជោគជ័យ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះការងារចំពោះមុខ គឺការពង្រឹងវិធានការទប់ស្កាត់ឱ្យបានរឹងមាំបំផុត នោះគឺជនបរទេស ម្ចាស់ទីតាំងអាជីវកម្មនានា បើមិនសហការ និងមិនអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាលទេ អ្នកទាំងនោះ ប្រឈមនឹងមានទោសទណ្ឌ នៅពេលដែរច្បាប់ថ្មីនេះត្រូវបានព្រឹទ្ធសភាធ្វើការអនុម័តរួចរាល់»

ក្នុងកិច្ចប្រជុំនោះដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរថា ចំពោះម្ចាស់អាជីវកម្មដ្ឋាននានា ដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងប្រឈមនឹងការបិទអាជីវកម្មរហូតតែម្តង។ ចំពោះការអន្តរាគមន៍នានាពាក់ព័ន្ធនឹងការទប់ស្កាត់នូវជំងឺកូវីដ-១៩ គឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត។

លោកក៏បានបញ្ជាក់ថា តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺសម្ដេចបានជំរុញឱ្យព្រឹទ្ធសភាអនុម័តច្បាប់ ពាក់ព័ន្ធនឹងកូវីដ-១៩នេះ ឱ្យបានលឿន ដើម្បីយើងយកច្បាប់នេះមកអនុវត្តឱ្យមានប្រសិទ្ធភាព និងមិនមានចន្លោះប្រហោង។ នៅពេលយើងមិនទាន់មានច្បាប់នេះ យើងពិតជាពិបាកនឹងអនុវត្តការងារ តែបើសិនជាច្បាប់នេះត្រូវបានអនុម័តពីព្រឹទ្ធសភាហើយនោះ ក្រុមការងារដែលអនុវត្តលើការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ នឹងមានភាពងាយស្រួល ដោយយើងអនុវត្តទៅតាមច្បាប់ដែលបានអនុម័តរួច៕