(កំពង់ធំ)៖ ដោយសារមានការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ក្នុងមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ បានតម្រូវឱ្យប្រជាពលរដ្ឋចំនួន ២៦ នាក់ត្រូវធ្វើចត្តាឡីស័ក ក្រោមការរៀបចំសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរស្រុកតាំងគោក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍បន្តទៀត ពិសេសគឺស្របតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ អភិបាលស្រុកតាំងគោក លោក ហាក់ ម៉ុងហួត បានឱ្យដឹងថា ក្រោយទទួលបានអនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងការជំរុញបន្ថែមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំរួចមក លោកអភិបាលស្រុកបានដឹកនាំក្រុមមន្ត្រីនៃរដ្ឋបាលស្រុកតាំងគោក ចុះរៀបចំសាលាបឋមសិក្សាគិរីអណ្ដែត ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ប្រជាពលរដ្ឋទាំង ២៦ នាក់នោះ។

ក្រោយសម្រួលឱ្យប្រជាពលរដ្ឋខាងលើបានចូលធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាគិរីអណ្ដែតនេះរួចមក នាថ្ងៃទី០៨ ខែមីនា ម្សិលមិញ លោក ហាក់ ម៉ុងហួត បានរៀបចំគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនោះ ដោយរួមមានអង្ករ ៤០០ គីឡូក្រាម, មី ១៦ កេស, ទឹកត្រី និងទឹកស៉ីអ៉ីវ ១២ យួរ, មុង ២៥, កន្ទេល ២៥, ភួយ ២៥, ខ្នើយ ២៥ ព្រមទាំងសម្ភារសម្អាតអនាម័យមួយចំនួនទៀត។ ក្រៅពីនេះ មានឆ្នាំងបាយ-ឆ្នាំងសម្ល ៤៤, ចានបាយ ២៥, ចានសម្ល ១៥, ស្លាបព្រា ២៥, វែកសម្ល ១៥, វែកបាយ ១៥, ចង្រ្កានហ្គាស ១១, ធុងទឹក ១១, បោយដងទឹក ១១ និងទឹកបរិសុទ្ធ ២៥ យួរ។

ក្នុងឱកាសនាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋខាងលើ លោកអភិបាលស្រុកតាំងគោកក៏បានផ្ដល់ជូននូវថវិកាមួយចំនួនទៀតផងដែរ ពីព្រោះប្រជាពលរដ្ឋដែលមកធ្វើត្តាឡីស័កនេះ គឺមកទាំងគ្រួសារតែម្ដង មិនមានអ្នកនៅផ្ទះផ្សេងទៀតសម្រាប់ទំនុកបម្រុងអាហារហូបចុក ឬប្រកបមុខរបរនៅអំលុងពេលនេះឡើយ។

នាឱកាសនោះដែរ លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក សូមកុំមានការព្រួយបារម្ភចំពោះសុវត្ថិភាពសុខភាព ឬបញ្ហអ្វីផ្សេងទៀត ដោយរដ្ឋបាលស្រុកតាំងគោក ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ នៅចាំជួយទំនុកបម្រុងជូនក្នុងពេលធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនេះ ធានាថាមិនឱ្យមានការខ្វះខាតនោះឡើយ អ្វីដែលសំខាន់នោះ គឺប្រជាពលរដ្ឋត្រូវអនុវត្តតាមវិធានអនាម័យសុខាភិបាល ពិសេសគឺអនុសាសន៍ ៣ការពារ និង ៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

ជាមួយគ្នានោះ លោក ហាក់ ម៉ុងហួត បានណែនាំបន្ថែមដល់កម្លាំងសមត្ថកិច្ច និងក្រុមការងារដែលប្រចាំការនៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាគិរីអណ្ដែត ត្រូវត្រៀមបម្រើរាល់សេចក្ដីត្រូវការបន្ថែមរបស់ប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កនេះ និងត្រៀមការពារសុវត្ថិភាព កុំឱ្យមានអ្នកចេញចូលផ្ដេសផ្ដាសឱ្យសោះ ហើយប្រសិនបើមានអ្វីខ្វះខាតត្រូវរាយការណ៍ទៅកាន់អាជ្ញាធរឃុំ ឬរដ្ឋបាលស្រុកភ្លាម ធ្វើយ៉ាងឱ្យការអនុវត្តនេះប្រព្រឹត្តទៅល្អប្រសើរ ធានាបាននូវសុវត្ថិភាពសុខភាពទាំងអស់គ្នា។

លោក ហាក់ ម៉ុងហួត ក៏បានសន្យាចំពោះប្រជាពលរដ្ឋអ្នកធ្វើចត្តាឡីស័កនោះថែមទៀតថា លោកនឹងបន្តនាំយកគ្រឿងឧបភោគបរិភោគដែលទុកបានយូរចែកជូនបន្ថែមទៀត ដូចជា អាហារក្រៀម អាហារកំប៉ុង ត្រីងៀត ផ្អក ប្រហុកជាដើម ដាច់ខាតមិនឱ្យមានការខ្លះខាតនោះឡើយ សំខាន់ឱ្យតែប្រជាពលរដ្ឋសំណូមពរត្រង់ៗមកចុះ។

សូមរំឭកថា កាយវិការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងការទំនុកបម្រុកពីសំណាក់រដ្ឋបាលស្រុកតាំងគោកបែបនេះ មិនមែនទើបតែកើតមាននោះទេ ពោលគឺលោកអភិបាលស្រុក ហាក់ ម៉ុងហួត និងក្រុមមន្ត្រីក្រោមឱវាទតែងតែអនុវត្តជារឿយៗ មិនថាចំពោះប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ក ឬប្រជាពលរដ្ឋទូទៅ ជនទីទាល់ក្រ ខ្វះទីពឹង ជនចាស់ជរា ជនមានពិការភាពនោះ ក៏ទទួលបានការយកចិត្តទុកនេះដូចគ្នា។ មានពេលខ្លះ លោកអភិបាលស្រុកតាំងគោកដឹកនាំក្រុមការងារចុះដល់ខ្នងផ្ទះតែម្ដង ព្រមទាំងមានអំណោយកំដរដៃតិចច្រើនទៅតាមភាពជាក់ស្ដែង។ នេះមិនទាន់និយាយអំពីការងាររាជការ ការងាររដ្ឋបាល ក៏ដូចជាការងារទូទៅ ក្នុងការនាមជាអភិបាលស្រុកគំរូមួយរូបនៅឡើយទេ៕