(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកបណ្តោះអាសន្នអាជីវកម្មសណ្ឋាគារស៉ីនយីនថៃ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវលេខ១០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាបន្ទាន់។ នេះបើតាមលិខិតរបស់លោកអភិបាលខេត្ត ដែលផ្ញើទៅម្ចាស់សណ្ឋាគារខាងលើ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។

មូលហេតុ នៃការផ្អាកអាជីវកម្មសណ្ឋាគារស៉ីនយីនថៃ ដោយសារក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីភ្ញៀវដែលបានស្នាក់នៅសណ្ឋាគារនេះ ហើយលទ្ធផលតេស្តមានវិជ្ជមានវីរុសកូវីដ-១៩។

លោក គួច ចំរើន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យផ្អាកជាបណ្តោះអាសន្នអាជីវកម្មសណ្ឋាគារស៉ីនយីនថៃ ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវថ្មី ចូលទៅស្នាក់នៅហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងសណ្ឋាគារចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមការងាររដ្ឋបាលខេត្ត នឹងរៀបចំទីតាំងនេះជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការនៅក្នុងសណ្ឋាគារ ស៉ីនយីនថៃ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩»

«ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់សណ្ឋាគារស៉ីនយីនថៃ ជាបណ្តោះអាសន្ន និងដាក់ជា មណ្ឌលចត្តាឡីស័ក ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»។ នេះបើតាមលោក គួច ចំរើន។

លោកបន្ថែមថា ក្នុងដំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់ជាមួយសណ្ឋាគារ ត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណី មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីជាធរមាន។

សូមបញ្ជាក់ថា បុរសម្នាក់ដែលរត់ចេញពីសណ្ឋាគារមួយនេះ ទៅស្រុកស្រុកំណើត ឯស្រុកកងមាស ខេត្តកំពង់ចាម ក៏រកឃើញមានករណីវិជ្ជមានកូវីដ១៩ផងដែរ ប៉ុន្តែសម្រាប់អ្នកពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ត្រូវបានអាជ្ញាធរ យកទៅធ្វើចត្តាឡីស័កអស់ហើយ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គិតត្រឹមរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ សម្រាប់ខេត្តព្រះសីហនុ មានអ្នកវិជ្ជមានថ្មីចំនួន ៧នាក់ ដូច្នេះអ្នកសរុបចំនួន ១១៧នាក់ (ស្រី៤៩នាក់) ក្នុងនោះជនជាតិចិន១០១នាក់ (ស្រី៣៩នាក់) ស្រ្តីជនជាតិវៀតណាម ៦នាក់ និងជនជាតិខ្មែរ ១០នាក់ (ស្រី៤នាក់)។

លោកបានបន្តថា ការយកសំណាកសរុប ១០៧២៤នាក់ (ស្រី៤៥៩១នាក់)៕