(ភ្នំពេញ)៖ បុរសម្នាក់ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅខេត្តកំពង់ចាម បានសម្តែងការសោកស្តាយ និងមានវិប្បដិសារីជាខ្លាំងចំពោះទង្វើរបស់ខ្លួន ដែលរឹងទទឹងមិនស្តាប់ការណែនាំ និងអនុវត្តន៍តាមវិធានការទាំងឡាយរបស់អាជ្ញាធរ ក៏ដូចជាក្រសួងសុខាភិបាល ដោយលួចបំលាស់ទីពីខេត្តព្រះសីហនុ ទៅស្រុកកំណើតនាំឱ្យជាប់ពាក់ព័ន្ធជាមួយក្រុមគ្រួសារ និងបងប្អូន ព្រមទាំងអ្នកភូមិ។

បុរសដែលនាំយកករណីជំងឺកូវីដ១៩ ទៅជាក់ពាក់ព័ន្ធជាមួយក្រុមគ្រួសារ សាច់ញាតិ និងប្រជាពលរដ្ឋក្នុងភូមិនេះ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។

បុរសរូបនេះជាគ្រូផ្នែកម៉ាស្សានៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ដោយសារតែអាការៈក្នុងខ្លួនមានសភាពធម្មតានោះ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ រូបគេបានចាកចេញពីសណ្ឋគារក្នុងក្រុងព្រះសីហនុ កន្លែងកំពុងផ្ទុះជំងឺកូវីដ១៩ វិលទៅស្រុកកំណើតរបស់ខ្លួននៅខេត្តកំពង់ចាម។

ដោយមិនបានដឹងថា ខ្លួនបានឆ្លងមេរោគកូវីដ-១៩នោះ ក្នុងកំលុងពេលធ្វើដំណើរទៅស្រុកកំណើត និងពេលទៅដល់ស្រុកកំណើតបុរសរូបនេះ បានប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើន។ ពេលជិះរថយន្តឈ្នួលពីព្រះសីហនុ មកកាន់រាជធានីភ្នំពេញ រូបគេបានទៅសួរសុខទុក្ខក្មួយប្រុសនៅមន្ទីរពេទ្យ។

បន្ទាប់មកនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ បានបន្តដំណើរពីស្ទឹងមានជ័យ ទៅមុខវត្តគៀនឃ្លាំង ជ្រោយចង្វារ និងបានបន្តដំណើរតាមរថយន្តឈ្នួលទៅខេត្តកំពង់ចាម ដោយបានឈប់នៅស្តុបផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងបានបន្តដំណើរតាមម៉ូតូឌុប បន្តរហូតដល់ផ្ទះនៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់នេះ និងប្អូនប្រុស បានជិះម៉ូតូទៅផ្សារព្រៃទទឹង និងបានដើរផ្សារទិញត្រី និងគ្រឿងធ្វើម្ហូបប្រហែល ៣០នាទី មុនត្រឡប់ទៅផ្ទះវិញ។

បុរសរូបនេះ បានប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើន ដែលក្នុងនោះរួមមាន នៅពេលទៅសុខទុក្ខក្មួយប្រុសនៅមន្ទីរពេទ្យ បានជួបជាមួយស្ត្រី០២នាក់ កំពុងកំដរអ្នកជំងឺ។ ក្នុងនោះម្នាក់រស់នៅភូមិថ្លុកក្រវ៉ាន់ ឃុំបុស្សខ្នុរ ស្រុកចំការលើ និងម្នាក់ទៀត រស់នៅភូមិអូរកណ្តៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម (ធ្វើការនៅរោងចក្រកាត់ដេរឌីមហាន់ នៅស្ទឹងមានជ័យ) តែតាំងពីបានជួបបុរសម្នាក់នេះមក គាត់មិនទាន់បានទៅធ្វើការវិញទេ ព្រោះសុំច្បាប់ជាប់រវល់កំដរក្មួយឈឺ។

ពេលសម្រាកនៅស្ទឹងមានជ័យ បានជួបជាមួយបងស្រី និងអ្នកជួលបន្ទប់នៅជិតបន្ទប់ (មិនស្គាល់ឈ្មោះ), អ្នករត់ PassApp (មិនស្គាល់ឈ្មោះអ្នកបើកបរ), អ្នករួមដំណើរតាមរថយន្តឈ្នួលពីភ្នំពេញ មកកំពង់ចាម។

មកដល់ផ្ទះ ជួបជាមួយក្រុមគ្រួសាររួមមាន៖ ឪពុក, ម្តាយ, បងថ្លៃប្រុស, បងស្រី, ប្អូនប្រុស, ក្មួយស្រី ២នាក់, ក្មួយប្រុស, អ្នកផ្ញើម៉ូតូ នៅផ្សារព្រៃទទឹង និងអ្នកលក់ត្រី និងម្ហូបនៅផ្សារព្រៃទទឹង។

បន្ទាប់ពីមានការទាក់ទង និងស្រាវជ្រាវដឹងពីប្រវត្តិនៃការធ្វើដំណើររបស់បុរសរូបនេះ អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីជំនាញបានយកសំណាកតេស្ត ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នឹងត្រូវបានយកទៅព្យាបាល។ ដោយឡែកក្រុមគ្រួសារ និងអ្នកភូមិដែលមានការពាក់ព័ន្ធក៏ត្រូវបានយកសំណាក និងតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់ ដោយតម្រូវធ្វើចត្តាឡីស័កនៅនឹងកន្លែង ហើយអាជ្ញារធរបានបន្តស្វែងរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ ដើម្បីការពារការឆ្លងរីករាលដាលក្នុងសហគមន៍។

បុរសរូបនេះ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះទង្វើរបស់គេ ដែលមិនស្តាប់ការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាល ប្រមាថ និងមើលស្រាលចំពោះស្ថានការណ៍ ហើយឈានដល់ការនាំទុក្ខលំបាកសម្រាប់ក្រុមគ្រួសារ និងមនុស្សជាច្រើន។

តាមរយៈវីដេអូពីកន្លែងសម្រាកព្យាបាលជំងឺ បុរសរូបនេះ បានថ្លែងបង្ហាញអារម្មណ៍សោកស្តាយរបស់ខ្លួនយ៉ាងដូច្នេះ «ខ្ញុំផ្តាំទៅពុកម៉ែបងប្អូនថា បើសិនជាករណីមិនចាំបាច់ ឬមិនត្រូវទៅណា សូមបងប្អូនរក្សានៅនឹងកន្លែង កុំដើរចេញក្រៅ កុំអី។ ដូចខ្ញុំ ខ្ញុំស្តាយ ខ្ញុំអត់ស្តាប់ ខ្ញុំមានវិជ្ជមានកូវីដ១៩ អ៊ីចឹងខ្ញុំបានទៅផ្ទះ ខ្ញុំបានធ្វើឱ្យអ្នកផ្ទះខ្ញុំលំបាក។ លំបាកខ្លួនខ្ញុំមួយមិនអីទេ តែខ្ញុំធ្វើឱ្យមួយគ្រួសារលំបាក»

បុរសរូបនេះបន្តថា «អ៊ីចឹងខ្ញុំមានអារម្មណ៍ថាស្តាយក្រោយ បើសិនជាអាចខ្ញុំនឹងរក្សានៅមួយកន្លែងដែលគេឱ្យខ្ញុំនៅ ចៀសវាងប៉ះពាល់ដល់បងប្អូន ឬពុកម៉ែខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំស្តាយក្រោយ អ៊ីចឹងបងប្អូនសុំកុំទៅណា បើសិនជាគ្មានការចាំបាច់ និងថែរក្សាសុខភាពទាំងអស់គ្នា»

សូមបញ្ជាក់ថា កម្ពុជា បាននឹងកំពុងប្រឈមការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ កើតចេញពីព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ។ ព្រឹត្តិការណ៍នេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុប ៥០១នាក់ហើយ។ ក្នុងនោះរាជធានី-ខេត្តចំនួន៨ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម និងកោះកុង បានជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នេះ។

វិធានការដែលអាជ្ញាធរ និងក្រសួងសុខាភិបាលទទូចឱ្យអ្នកពាក់ព័ន្ធចូលរួមសហការ ដើម្បីកាត់ផ្តាច់ព្រឹត្តិការណ៍នេះ គឺភាពស្មោះត្រង់ក្នុងការប្រកាសថាខ្លួនបានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ឬបានទៅកាន់កន្លែងពាក់ព័ន្ធ ហើយទៅធ្វើតេស្តយកសំណាកពិនិត្យសុខភាព។ ជាពិសេសត្រូវដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងទាក់ទងជាមួយអាជ្ញាធរ ឬមន្ទីរពេទ្យដើម្បីតាមដានសុខភាព។ បន្ថែមពីលើនោះ មិនត្រូវចល័តទៅទីតាំងដទៃជាដាច់ខាត៕