(បន្ទាយមានជ័យ)៖ នៅតំបន់អភិរក្សសត្វស្លាប រហាលកេស អាវៀន ស្ថិតក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានសត្វស្លាបរស់នៅប្រមាណ ១០ ប្រភេទ ដែលបានចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាកម្សាន្តជាហូរហែជាប់ឥតដាច់ ដោយនៅទីនោះភ្ញៀវទេសចរក៏អាចបោះតង់ជាក្រុមបានផងដែរ ខណៈតំបន់ទេសចរណ៍នេះបានបង្កើតឡើងជិតពីរឆ្នាំមកហើយ។

ដោយសារតែសក្ដានុពលទេសចរណ៍ល្អបែបនេះហើយ ទើបនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្លិបរថយន្តខេត្តបន្ទាយមានជ័យបានដឹកនាំក្បួនរថយន្តជិត ៣០ គ្រឿង ដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត និងលោក ជា ដារ៉ា ប្រធានក្លិបរថយន្តខេត្តបន្ទាយមានជ័យ ធ្វើដំណើរទៅទស្សនាកម្សាន្ត និងបោះតង់នៅតំបន់អភិរក្សសត្វស្លាប រហាលកេស អាវៀននេះ។

ប្រធានក្លិបរថយន្តខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ចំពោះក្បួនរថយន្តដែលបានរៀបចំនេះ មានសមាជិកជាក្រុមរថយន្តមកពីក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ហើយក៏មានការចូលរួមពីក្រុមរថយន្តមកពីខេត្តសៀមរាបចំនួន ២៥ គ្រឿងផងដែរ។

លោកបានបញ្ជាក់ថា ការដឹកនាំក្បួនរថយន្តនេះទៀតសោត គឺផ្តោតសំខាន់ចង់ផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យទេសចរបានដឹកនាំនឹងមកលេងខេត្តបន្ទាយមានជ័យ ដែលជាខេត្តជាប់ជាយដែនថៃ ហើយមានតំបន់ទេសចរណ៍ជាច្រើន។

ក្រៅពីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ហើយនោះ ក្លិបរថយន្តខាងលើក៏បានចូលរួមជាមួយការងារមនុស្សធម៌ តាមរយៈការជួយដល់ពលរដ្ឋក្រីក្រ ជួយដល់សិស្សានសិស្ស ដែលមានជីវភាពខ្វះនូវសម្ភារសិក្សាផ្សេងៗ ដើម្បីឲ្យពួកគាត់មានឱកាសសិក្សារៀនសូត្រ៕