(ពោធិ៍សាត់)៖ វង់ល្បែងស៊ីសង (បៀរ អាប៉ោង) មួយកន្លែង ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តចុះបង្ក្រាបឃាត់ខ្លួនមេអាប៉ោង និងក្រុមញៀនអាប៉ោងបានចំនួន ១១នាក់ ក្នុងនោះស្រី ២នាក់ និង ៦នាក់ទៀតរត់រួច។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងនាវេលាម៉ោង ១០៖២០ នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ជនញៀនល្បែងទាំង១១នាក់ ត្រូវបានបញ្ជូនបន្តមកបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីធ្វើកិច្ចសន្យាអប់រំ និងធានាឱ្យត្រឡប់ទៅផ្ទះវិញ។

សូមរំលឹកថា កន្លងមក លោក ម៉ៅ ធនិន តែងតែបានខិតខំក្នុងការបង្ក្រាបបទល្មើសទាំងថ្ងៃទាំងយប់ ដើម្បីភូមិឃុំសង្កាត់មានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមលើសពីនេះ អភិបាលខេត្តពោធិ៍សាត់តែងតែប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយរាល់ទុក្ខលំបាក បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាឧស្សាហ៍ចែកអំណោយជូនដល់ជនចាស់ជរា គ្រួសារក្រីក្រជានិច្ច។ កត្តាទាំងនេះហើយដែលលោក ម៉ៅ ធនិន ត្រូវបានប្រជាពលរដ្ឋគោរពស្រលាញ់ចំពោះលោក៕