(ភ្នំពេញ)៖ ចាប់ពីល្ងាចថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ក្រោយទទួលបានបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការប្រមូលផ្តុំ និងចុះរៀបចំដោយផ្ទាល់ នៅទីតាំងអគារសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) ដោយបានប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលនឹងត្រូវរៀបចំផ្ទេរចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ)។

សមាសភាពចម្រុះ ដែលបានចូលរួមសម្រេចដោយជោគជ័យ នូវបេសកកម្មក្នុងពេលដ៏ខ្លីនេះ រួមមានថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល, កម្លាំងកងទ័ព, កងរាជអាវុធហត្ថ, កងនគរបាលជាតិ, មន្ត្រីជំនាញផ្នែកពាក់ព័ន្ធនានា និងក្រុមការងារស្ម័គ្រចិត្ត ព្រមទាំងការចូលរួមសហការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងគណៈគ្រប់គ្រងសណ្ឋាគារផងដែរ។

ការងារត្រៀមរៀបចំនេះ បានបញ្ចប់រួចរាល់ជាស្ថាពរនៅម៉ោង ០២៖៣០រំលងអធ្រាត ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។ គួរឱ្យរំលឹកផងដែរថា ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះ ជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាល ក្នុងការប្រមូលផ្តុំធនធានមនុស្ស, សម្ភារ, បរិក្ខារ និងបច្ចេកទេសចាំបាច់មួយចំនួន បម្រើដល់ការជួយសង្គ្រោះដល់អាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់តែធ្ងន់ធ្ងរនៃជំងឺនេះ នៅក្នុងសហគមន៍។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីជូនដំណឹងដល់សាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋ និងបងប្អូនពាណិជ្ជករ អាជីវករទាំងអស់ ដែលរស់នៅ និងកំពុងប្រកបរបរផ្សេងៗនៅជាប់ និងក្បែរទីតាំងសណ្ឋាគារនេះ កុំឱ្យមានការភ័យខ្លាច និងសូមឱ្យបន្តរក្សាភាពនឹងនរក្នុងចិត្ត និងជឿទុកចិត្តលើវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែង វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមដំណក់ទឹកតូចៗ ដែលចេញពីផ្លូវដង្ហើមរបស់អ្នកផ្ទុកវីរុស ហើយរហូតមកដល់ពេលបច្ចុប្បន្ន មិនមានភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ថា វីរុសនេះឆ្លងតាមខ្យល់អាកាស នៅក្នុងទីលំហឡើយ និងបានសុំឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «៣កុំ និង ៣ការពារ» ដើម្បីការពារខ្លួនឯងពីការឆ្លងជំងឺ និងចៀសវាងហានិភ័យចម្លងជំងឺនេះដល់អ្នកដទៃ៕