(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង និងធ្វើការក្រើនរំលឹក ដល់មន្ត្រីសុខាភិបាល ដែលចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងសាធារណជនទាំងអស់ អំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្ត សម្រាប់ក្រុមអាយុ១៨ ទៅ ៥៩ឆ្នាំ ចាប់ពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា៖

១៖ ក្រសួងសូមជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យមានវិសាលភាពកាន់តែទូលំទូលាយ នៅទីតាំងចាក់វ៉ាក់សាំង ដែលមានការផ្សាយជូន ចាប់តាំងពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ជាបន្តបន្ទាប់រួចមក ត្រូវបន្តការងារចាក់វ៉ាក់សាំងជូនប្រជាជន តាមក្រុមមនុស្សដែលមានចែងនៅក្នុង ការផ្សព្វផ្សាយដោយក្រសួងសុខាភិបាល ជាហូរហែររួចហើយ នៅរៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកផ្លូវការ) ចាប់ពី ម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង១៧៖០០នាទីល្ងាច (ដោយសម្រាកពិសាអាហារថ្ងៃត្រង់ពីម៉ោង១២៖០០នាទី ដល់ម៉ោង១៤៖០០នាទី)។

២៖ សូមក្រើនរំលឹកជូនសាធារណជនទាំងអស់ អំពីចន្លោះពេលដែលត្រូវទទួលការចាក់វ៉ាក់សាំងលើកទី២ មានដូចខាងក្រោម៖ វ៉ាក់សាំង Sinopharm ត្រូវចាក់លើកទី២ រយៈពេលពី ១៤ថ្ងៃ ដល់ ២៨ ថ្ងៃ ក្រោយថ្ងៃចាក់លើកទី១។ វ៉ាក់សាំង COVISHIELDTM (ទទួលបានអជ្ញាបណ្ណផលិតនៅប្រទេសឥណ្ឌាពី AstraZeneca) ដែលចាក់ជូនក្រុមមនុស្សអាយុ ចាប់ពី ៦០ឆ្នាំឡើង ត្រូវចាក់លើកទី២ រយៈពេលពី ៤ សប្តាហ៍ ដល់ ៨ សប្តាហ៍ ក្រោយថ្ងៃចាក់លើកទី១។ ត្រូវចងចាំថា ការចាក់លើកទី១ នៅទីតាំងណា សូមអញ្ជើញទៅចាក់លើកទី២ នៅទីកន្លែងដដែលជាចាំបាច់ ដោយមិនត្រូវទៅចាក់ កន្លែងណាផ្សេងនោះឡើយ។ ក្រសួងក៏សូមធ្វើការក្រើនរំលឹកដល់អ្នក ដែលបានចាក់វ៉ាក់សាំងលើកទី១ (ដូសទី១) រួចហើយ សូមអញ្ជើញ មកទទួលការចាក់វ៉ាក់សាំងដដែលនេះជាលើកទី២ (ដូសទី២) ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើនេះ កុំបីអាក់ខានឡើយ។

៣៖ ចំពោះប្រជាជនដែលបានទទួលដូសទី១ នៅមន្ទីរពេទ្យថ្នាក់ជាតិរាជធានីភ្នំពេញ ហើយបច្ចុប្បន្នកំពុងជាប់នៅក្នុងខេត្តព្រះសីហនុ ដែល មិនអនុញ្ញាតឱ្យធ្វើដំណើរចេញចូលនៅទីនោះបាន អាចទៅទទួលវ៉ាក់សាំងលើកទី២ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយបុគ្គល ដែលចាំបាច់ត្រូវចាក់លើកទី២នោះ ត្រូវផ្តល់ព័ត៌មាន ០៣ថ្ងៃ មុនថ្ងៃចាក់ ជូនក្រុមចាក់វ៉ាក់សាំងនៅខេត្តព្រះសីហនុ ដែលនឹងត្រូវស្នើសុំ ព្រម ទាំងបញ្ជូនព័ត៌មានអ្នកដែលត្រូវចាក់លើកទីពីរ (មិនត្រូវតាមទីកន្លែងដែលបានចាក់លើកទី១) នោះ ទៅក្រុមបច្ចេកទេសព័ត៌មានវិទ្យានៅ ក្រសួងសុខាភិបាល (IT Team at MoH) ដើម្បីសម្របសម្រួលក្នុងការបញ្ចូលទិន្នន័យជូនពួកគាត់បានត្រឹមត្រូវ។

៤៖ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុមអាទិភាពផ្សេងៗទៀត ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ មេត្តាអធ្យាស្រ័យ ប្រសិនបើមិនទាន់ដល់ វេនរបស់ខ្លួនទេនោះ សូមមេត្តាកុំអញ្ជើញមកកាន់កន្លែងចាក់ដែលនាំឱ្យមានការកកកុញច្រើននៅក្នុងមន្ទីរពេទ្យ ដែលជាហានិភ័យនៃការ ចម្លងវីរុសកូវីដ-១៩ ដោយសូមមេត្តារង់ចាំបន្តិចសិន ព្រោះវ៉ាក់សាំងមានកំណត់ចំនួននៅពេលនេះ។

៥៖ ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន ក្នុងក្រុមអាយុពី ១៨ ដល់ ៥៩ ឆ្នាំ ផ្សេងៗទៀត នឹងអញ្ជើញមកទទួលវ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តនាពេលក្រោយៗទៀត៕