(​ភ្នំពេញ​)៖ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ រួម​ទាំង​បុគ្គលិក​របស់​ក្រុមហ៊ុន​កម្ពុជា​តេលា និង​មហានគរ មីក្រូហិរញ្ញវត្ថុ ភី​អី​ល​ស៊ី នៅ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ បាន​ចូលរួម​យុទ្ធនា​យ៉ាងច្រើន​កុះករ ក្នុង​ការបរិច្ចាគ​ឈាម​ដោយស្មោះ​ចិត្ដ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ ព្រមទាំង​អ្នកជំងឺ ដែល​ត្រូវការ​ឈាម​ក្រោម​ប្រធានបទ «​ផ្ដល់​ឈាម ផ្ដល់​សេចក្ដីស្រលាញ់​» ដែល​ប្រារព្ធ​ធ្វើឡើង​នៅ ទីស្នាក់ការ​ការិយាល័យ​កណ្ដាល​ក្រុមហ៊ុន​តេលា​។​

​អគ្គនាយក​ក្រុមហ៊ុន កម្ពុជា​តេលា លោក ឈុន អូន បាន​ថ្លែងថា ថ្ងៃនេះ​លោក និង​បុគ្គលិក​ទាំងអស់ មាន​សេចក្ដី​រីករាយ​យ៉ាងខ្លាំង ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ដ ជួយសង្គ្រោះ​ជីវិត ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម ហើយ​នេះ មិនមែន​ជា​លើកទីមួយ​ទេ ដែល​លោក​បាន​ចូលរួម​បរិច្ចាគ​ឈាម​នោះ គឺ​ច្រើន​ដង​កន្លងមកហើយ​។​

​លោក​បន្ដថា «​ពិត​ណាស់​ការផ្ដល់​ឈាម មិនមាន​ការប៉ះពាល់​ដល់​សុខភាព​នោះទេ ហើយ​ថែមទាំង​ទទួលបាន​សុខភាព​ល្អ​ទៀតផង ពិសេស​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ឲ្យ​រួមផុត​ពី​សេចក្ដីស្លាប់ ដូច្នេះ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្ដល់​ឈាម ព្រោះ​គង់​ថ្ងៃ​ណា​មួយ គ្រួសារ​អ្នកនឹង​ត្រូវការ​ឈាម​ជាមិនខាន ដោយហេតុនេះ ត្រូវ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​»​។​

​ព្រម​ជាមួយ​គ្នា​នោះ លោក លី ធាន​ឡូញ ដែល​ជា​អ្នកបរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ដ ក្នុង​ចំណោម​អ្នក​ស្ម័គ្រចិត្ដ​ជាង​១០០​នាក់​នោះ បានឲ្យដឹងថា «​ថ្ងៃនេះ​ខ្ញុំ​សប្បាយរីករាយ​ណាស់ ដែល​ជួយ​សង្គ្រោះ ជីវិត​ជន​រងគ្រោះ ឲ្យ​រស់រានមានជីវិត ដោយសារ​តែ​ការបរិច្ចាគ​ឈាម​របស់​ខ្ញុំ​នេះ​។ ក្រោយ​ពី​ការបរិច្ចាគ​ឈាម រួច​មក​នេះ ខ្ញុំ​មាន​អារម្មណ៍​ស្រស់ថ្លា មិនមាន​ការប៉ះពាល់​ដល់​សុខភាព​នោះឡើយ​»​។​

​ទន្ទឹម​នឹង​នោះ​ផង​ដែរ លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម បាន​លើកឡើង​ថា លោក​មាន​ការរីករាយ​យ៉ាង​ខ្លាំង​នូវ​ការចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ដ ជួយ​សង្គ្រោះ​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​របស់​ថ្នាក់ដឹកនាំ គ្រប់​ជាន់ថ្នាក់ រួម​ទាំង​បុគ្គលិក​នៃ​ក្រុមហ៊ុន​កម្ពុជា​តេលា និង​មហានគរ មីក្រូហិរញ្ញវត្ថុ ភី​អី​ល​ស៊ី​នៅថ្ងៃនេះ ។​

​លោក​បន្ដថា «​សព្វថ្ងៃនេះ ខ្ញុំ​បាន​សង្គេតឃើញថា ប្រជាពលរដ្ឋ​កម្ពុជា​យើង មាន​ការយល់ដឹង​ច្រើនជាង​មុន ហើយ​ក៏​សកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌​ផងដែរ តែ យើង​មិន​ទាន់​មាន​ឈាម​ដែលមាន​ប្រភព​ពី​អ្នក​ស្ម័គ្រចិត្ដ គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​ជីវិត​មនុស្ស ដែល​ត្រូវការ​ឈាម​បន្ទាន់​នៅឡើយ​ទេ ដោយ​ក្នុង​មួយ​ថ្ងៃ​គ្រាន់តែ នៅ​រាជធានី​ភ្នំពេញ ត្រូវការ​ឈាម ប្រមាណ ១០០​ប្លោក​ជា​រៀងរាល់ថ្ងៃ សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ អ្នកជំងឺ ហើយ​នៅ​ទូទាំង​ប្រទេស​ត្រូវការ​ឈាម​ប្រមាណ ១៥០​ប្លោក​ជា​រៀងរាល់ថ្ងៃ​ផងដែរ​»​។​

​ជាងនេះទៅទៀត លោក​វេជ្ជបណ្ឌិត ក៏​បាន​អំពាវនាវ ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស មេត្ដាចូល​រួម​បរិច្ចាគ​ឈាម ដើម្បី​យក​ទៅ​ជួយ​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ហើយ​សកម្មភាព​ទាំងនេះ ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ខ្លាំង​លើ​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស ៕