(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានជំ រុញថ្នាក់ដឹកនាំជានារី កំពុងបម្រើការងារនៅក្នុងសង្គមទាំងអស់ ត្រូវបង្កើនសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ គ្រាដែលនារីត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់មិនអាចខ្វះបានដោយហេតុថា រាជរដ្ឋាភិបាល បានផ្ដល់សិទ្ធិឲ្យនារីចូលរួមជាកម្លាំង ចលករ ដ៏សំខាន់ ក្នុងការរួមចំណែកជំរុញប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង ទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី ម៉ែន សំអន បានបញ្ជាក់បែបនេះក្នុងពិធីអបអរសាទរខួបលើទី១០៥ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ២០១៦ ក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្យន៍ប្រកបដោយចីរភាព» នាពេលព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងសាលប្រជុំស្នងការនគរបាលខេត្តស្វាយរៀង ដែលមានស្ត្រីចូលរួមប្រមាណជិត ៥០០នាក់។

លោកស្រី ម៉ែន សំអន បានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកស្ត្រី ជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ។ លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគាំទ្រ និង លើកកម្ពស់តួនាទីស្ត្រីឲ្យកាន់តែមានតម្លៃ ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និង ចាត់ទុកស្ត្រីជាត្បូងពេជ្រ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន»។

លោកស្រី ម៉ែន សំអន បានឲ្យដឹងផងដែរថា កន្លងមក ក៏ដូចបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិតិ្ដយសសមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ តែងតែផ្តល់ជំនួយស្មារតី និងសម្ភារៈដល់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រីខ្មែរ និងគ្រួសារខ្មែរ ព្រមទាំងលើកទឹកចិត្ដដល់នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាពពាក់ព័ន្ធ ឲ្យមានតម្លៃ និងមានលទ្ធភាពបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។

លោកស្រីបានបន្ថែមថា បច្ចុប្បន្ន មានស្ដ្រីបម្រើការងារលើគ្រប់វិស័យនៅទូទាំងប្រទេសមានរាប់ម៉ឺននាក់ បានដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយអប់រំដល់នារី នៅមូលដ្ឋានឲ្យមានការយល់ដឹងពីច្បាប់ឲ្យយល់ដឹងអំពីការថែទំាសុខភាព ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គមជាតិទំាងមូល៕