(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាង៣០០នាក់ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំគ្នាទៅតវ៉ា នៅមុខវត្តគោកបញ្ជាន់ ដោយចោទប្រកាន់ព្រះចៅអធិការវត្តព្រះនាម សេង ថន បានលក់ដីស្រះដែលមានទំហំ ប្រមាណ៤ម៉ឺនម៉ែត្រការ៉េ ។

ប្រជាពលរដ្ឋ បានប្រាប់ភ្នាក់ងារ Fresh News នៅកន្លែងតវ៉ានោះថា ដីស្រះមួយនេះ គឺបន្សល់ទុកតាំងពីដូនតាមកម្ល៉េះមិនគួរណា ព្រះចៅអធិការ ធ្វើការលក់ដូរ ដោយគ្មានការឯកភាព ពីប្រជាពលរដ្ឋនៅក្នុងភូមិនោះឡើយ ដូច្នេះពួកគាត់សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ជួយដោះស្រាយបញ្ហានេះផង ។

បើតាមប្រជាពលរដ្ឋ តាមការទទួលព័ត៌មាន គឺមួយម៉ែត្រការ៉េមានតម្លៃ១៦០ដុល្លារ ហើយការលក់ទៀតសោតក៏អាចជាប់ពាក់ព័ន្ធ ជាមួយអាជ្ញាធរមូលដ្ឋាន ភូមិសង្កាត់ទៀតផង។

យ៉ាងណាក៏ដោយភ្នាក់ងារ Fresh News មិនអាចសុំការបំភ្លឺ ពីព្រះចៅអធិការវត្តបាននោះទេ ប៉ុន្តែព្រះអង្គគ្រាន់តែបើកទ្វារ ហើយមានសង្ឃដីកាយ៉ាងខ្លីថា «តើនរណាឲ្យមកតវ៉ានេះ» រួចក៏បិទទ្វារកុដិនិមន្តចូលទៅក្នុងបាត់ទៅ។

ជាមួយគ្នានេះ ក្រោយមានការតវ៉ាខាងលើ គេក៏ឃើញមន្រ្តីអាជ្ញាធរចុះទៅសួរនាំផងដែរ ប៉ុន្តែមិនទាន់ដឹងថា មានដំណោះស្រាយ យ៉ាងណានោះទេ ៕

ប្រជាពលរដ្ឋនៅ សង្កាត់ចោមចៅ ជាង៣០០នាក់ ទៅតវ៉ានៅមុខវត្តគោកបញ្ជាន់ ចោទព្រះចៅអធិការ លក់ដីស្រះ៤ម៉ឺនម៉ែត្រការ៉េ

Posted by Fresh News on Friday, February 26, 2016