(សៀមរាប)៖ ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣ នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមក ក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។

តាមរយៈខ្លឹមសារថ្មីនៃទស្សនាវដ្តីនេះ អាជ្ញាធរជាតិអប្សរារំពឹងទុកថា វានឹងក្លាយជាឯកសារមួយ ដើម្បីជំរុញបំផុសស្មារតីឱ្យស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សា ការពារឱ្យសិ្ថតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា ការចេញផ្សាយនូវទស្សនាវដ្តីឈ្មោះ «ព្រះនគរ» នេះ គឺបានផ្ដោតសំខាន់ទៅលើបុរាណវត្ថុរកឃើញថ្មីៗនៅអង្គរ ការអភិរក្សជួសជុលប៉មឥដ្ឋលេខ៨ នៅប្រាសាទបាគង ទំនៀមទម្លាប់ពិធីបុណ្យតាមបែបសាសនា និងការគោរពតៗគ្នារបស់ពលរដ្ឋក្នុងតំបន់អង្គរ ដូចជា ពិធីឡើងអ្នកតាខែពិសាខនៅវត្តអធ្វា ប្រព័ន្ធធារាសាស្រ្តនៃឧទ្យានអង្គរ និងប្រព័ន្ធធារាសាស្រ្តនៃប្រាសាទព្រះវិហារជាដើម៕