(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រ៉ី ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ យកម៉ាស់ចំនួន៣០,០០០ម៉ាស់ របាំងមុខ៥០ និងអាល់កុល៣០លីត្រ យកទៅចែកជូន លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដើម្បីជាការចែករំលែកនូវការចូលរួមប្រយុទ្ធប្រឆាំងព្រឹត្តិការណ៍២០កុម្ភៈនេះ។

សូមរំលឹកថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ម្សិលមិញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានដាក់បទបញ្ជាឲ្យផែនការងារភស្តុភារ និងហិរញ្ញវត្ថុ បញ្ចេញម៉ាស់ប្រមាណជាង៣០,០០០ម៉ាស់, របាំងមុខ១,១០០របាំង យកទៅចែកជូនគ្រប់ការិយាល័យជំនាញ-អធិការក្រុង-ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ទូទាំងខេត្ត។

ដោយឡែក កងកម្លាំងដែលកំពុងប្រតិបត្តិការឈរជើង តាមបណ្តាលគោលដៅចត្តាឡីស័កក្នុងខេត្តព្រះសីហនុ ទទួលបានស្រោមដៃ ជាង៦០០គូ និងមីថៃ១៥ កេសធំ បន្ថែមពីលើ ម៉ាស់ និងរបាំងមុខនេះ។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅចំនួន ៣៦៦នាក់។

ដោយឡែក ទីតាំងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដកើនឡើងចំនួន២៩កន្លែង នៅក្រុងព្រះសីហនុ ហើយក្រុមការងារជំនាញកំពុងធ្វើការស្រាវជ្រាវ នឹងបិទទីតាំងដែលពាក់ព័ន្ធនោះជាបន្ដបន្ទាប់។ សម្រាប់ករណីផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះ នៅក្រុងព្រះសីហនុ រកឃើញមានអ្នកកើតជំងឺមួយនេះ កើនឡើង៤៧នាក់៕