(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានផ្តល់ថវិកាសរុបចំនួន ២,២៣៥,៣៦៤ដុល្លារអាមេរិកដល់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីន និងគ្រាប់បែកចង្កោម និងសម្រាប់ការកសាងសមត្ថភាពយុវជនខ្មែរ។

ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះ ធ្វើឡើងក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអង្គការទទួលជំនួយចំនួនពីរ នារសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ។

ក្នុងការផ្តល់ជំនួយនេះ ថវិកា ១,៧៦៣,២៥១ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ដើម្បីអនុវត្ត «គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹង ការបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ ហៅកាត់ថាគម្រោង RSDB (ឆ្នាំទី១)» និង «គម្រោងគាំទ្រការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឡើងវិញជាមួយនឹងការបោសសំអាតគ្រាប់បែបចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង RSCS (ឆ្នាំទី១)» ហើយថវិកា ៤៧២,១១៣ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅអង្គការកុមារឥតព្រំដែន (KnK) ដើម្បីអនុវត្តគម្រោង «ការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី២)»

នាឱកាសនោះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ លោកថ្លែងថា «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោងនីមួយៗ»

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ដែលហៅថា «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»