(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសឲ្យប្រជាពលរដ្ឋដែលធ្លាប់ចូលផ្សារម៉ាក្រូ នៅខណ្ឌសែនសុខ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ទៅយកសំណាកដើម្បីធ្វើតេស្ដ ព្រោះក្រសួងរកឃើញថា មានអ្នកធ្លាប់ចូលផ្សារនេះ នៅថ្ងៃទី២០ ខែកុម្ភៈ កើតជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច នារសៀលថ្ងៃទី០១ ខែមីនា។

លោក លី សូវ៉ាន់ បានអះអាងថា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានទទួលព័ត៌មានពីអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ថា មានជនបរទេសម្នាក់ កើតជំងឺកូវីដ-១៩ ហើយបានទៅផ្សារទំនើបម៉ាក្រូ កាលល្ងាចពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ប្រជាពលរដ្ឋដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើម និងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភៈ ចន្លោះម៉ោង៥ល្ងាច ទៅម៉ោង៦ល្ងាច សូមទៅធ្វើតេស្តនៅទីតាំង ដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល រាជធានី-ខេត្ត មានស្រាប់។

ដោយឡែក ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១តទៅ ហើយព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨២០នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ៣៤៣នាក់កំពុងទទួលការព្យាបាល៕