(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសឧបត្ថម្ភថវិកាដល់អ្នកធ្វើចត្តាឡីស័កទាំងអស់ នៅរាជធានីភ្នំពេញ ក្នុង០១គ្រួសារ ទទួលថវិកា២ម៉ឺនរៀល ក្នុង១ថ្ងៃ រយៈពេល១៥ថ្ងៃ សរុប៣០ម៉ឺនរៀល និងអង្ករ២០គីឡូក្រាម។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្នុងការជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់នឹងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា រដ្ឋបាលរាជធានី ភ្នំពេញនឹងឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានី ភ្នំពេញ ក្នុង០១គ្រួសារ ទទួលបានថវិកាចំនួន ២ម៉ឺនរៀល ក្នុង០១ថ្ងៃ រយៈពេល ១៥ថ្ងៃ សរុបចំនួន៣០ម៉ឺនរៀល និង អង្ករទម្ងន់ ២០ គីឡូក្រាម។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញនឹងផ្តល់ជូនប្រជាពលរដ្ឋដែលមានលក្ខណៈសម្បត្តិ ទាំង០៤ ដូចខាងក្រោម៖
១៖ អ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងព្រឹត្តិការណ៍«សហគមន៍ ២០កុម្ភៈ»
២៖ អ្នកដែលបានទទួលការធ្វើតេស្ត ហើយលទ្ធផលអវិជ្ជមាន
៣៖ អ្នកដែលធ្វើចត្តាឡីស័កនៅតាមផ្ទះ និងសណ្ឋាគារ
៤៖ អ្នកដែលមានជីវភាពខ្វះខាត៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖