(ត្បូងឃ្មុំ)៖ លោក ធាង ម៉េត ម្ចាស់កសិដ្ឋានចិញ្ចឹម និងផលិតកូនមាន់ស្រែ ត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានថ្លែងថា លោកចាប់យករបបចិញ្ចឹមកូនមាន់ស្រែនេះរយៈពលជិត២ឆ្នាំហើយ រីឯចំណូលដែលទទួលបានត្រឡប់មកវិញបានជិត ១,៥០០ដុល្លារក្នុង១ខែ ហើយចំពោះទីផ្សារទទួលទិញក៏ល្អសមស្របសម្រាប់របបមួយនេះ។

លោក ធាង ម៉េត បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះថា លោកបានចូលក្នុងសហគមន៍កសិកម្មសាម្គីតំបែរ សម្រាប់កសិដ្ឋានចិញ្ចឹម និងផលិតកូនមាន់ស្រែរបស់លោកសព្វថ្ងៃនេះ មានមាន់សរុបចំនួន ២០០ក្បាល ក្នុងនោះមាន់១៦០ក្បាលលោកបង្កាត់តាមរយៈសិប្បនិម្មិត និងមាន់ចំនួន៤០ក្បាលផ្សេងទៀតនោះ លោកបង្កាត់ជាលក្ខណៈតាមបែបធម្មជាតិ។

លោកបានបញ្ជាក់ថា ចំពោះការបង្កាត់ពូជ ដើម្បីបានជាកូនមាន់សម្រាប់លក់ក្នុងទីផ្សារជូនឈ្មួញនេះ គឺការបង្កាត់ពូជតាមរយៈសិប្បនិម្មិត មានភាពងាយស្រួលជាង ការបង្កាត់តាមបែបធម្មជាតិ ព្រោះថាការបង្កាត់តាមធម្មជាតិ ត្រូវការមើលថែច្រើននៅពេលមាន់ក្រាបពង ដោយការបង្កាត់តាមសិប្បនិម្មិត គឺយើងមានទូសម្រាប់ភ្ញាស់ពងមាន់ និងងាយស្រួលនៅពេលប្រមូលពងមាន់ផងដែរ។

លោកបញ្ជាក់ទៀតថា ដំណើរការផលិតកូនមាន់ស្រែនេះដែរ គឺលោកអាចផលិតបានចំនួនជាង ១,០០០កូនក្នុងរយៈពេល១ខែ ចំពោះកូនមាន់ដែលមានអាយុ២១ថ្ងៃសម្រាប់លក់ ហើយចំណូលវិញអាចទទួលបានជាង ៥លានរៀល ស្មើនឹង ១,២៥០ដុល្លារអាមេរិក ក្នុង១ខែ។

លោកបន្តថា កូនមាន់ដែលមានអាយុ២១ថ្ងៃត្រូវលក់ចេញនេះ គឺបានទទួលនូវវ៉ាក់សាំងត្រឹមត្រូវមុននឹងលក់ទៅឲ្យឈ្មួញ មួយវិញទៀតសម្រាប់តម្លៃវិញអាចទទួលបានក្នុងកូនមាន់១ក្បាល ៥,៥០០រៀល។ ក្រៅពីលក់កូនមាន់ស្រែនេះ លោកក៏មានលក់នូវទូភ្ញាស់ពងមាន់ ពងទា និងពងក្រួចផងដែរ។

លោកក៏បានរំលឹកថា សម្រាប់របបចិញ្ចឹម និងផលិតកូនមាន់ស្រែនេះ ក្នុងវិបត្តិជំងឺកូវីដ១៩ គឺទីផ្សារទទួលទិញកូនមាន់ស្រែមានភាពពិបាកបន្តិចបន្តួច និងពេលខ្លះអាចលក់មិនចេញក៏មានដែរ ហើយបើចំណូលវិញអាចធ្លាក់មកនៅត្រឹមចន្លោះពី៣លានរៀល (៧៥០ដុល្លារ) ទៅ៤លានរៀល (១,០០០ដុល្លារ) ក្នុង១ខែ។

លោកក៏បានបញ្ជាក់ថា លោកក៏មានគម្រោងពង្រឹងការចិញ្ចឹមរបស់លោកបន្ថែម រួមទាំងពង្រីកការចិញ្ចឹមមាន់យកសាច់១,០០០ក្បាលសម្រាប់លក់ ដើម្បីជួយដល់ការប្រកបរបបមួយនេះ នៅពេលណាកូនមាន់លក់មិនទាន់ ឬលក់មិនចេញ គឺលោកអាចលក់មាន់ស្រែធំជាសាច់ជំនួសវិញ ព្រោះថាខាងសហគមន៍កសិកម្មសាម្គីតំបែរ មានទីផ្សារមាន់ស្រែសាច់នេះច្រើនផងដែរ៕