(ភ្នំពេញ)៖ បែបបទសុំចុះឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» ដែលត្រូវបានបង្កើតដោយ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិជាតិ និងបក្ខពួក ត្រូវបានដាក់ចូលក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ក្រោយពន្យារពេលជាច្រើនលើកច្រើនសារ។ នេះបើតាមការប្រកាសរបស់ លោក អ៊ូ ច័ន្ទរ័ត្ន នៅលើ បណ្តាញសង្គម Facebook នៅថ្ងៃនេះ។

លោក អ៊ូ ច័ន្ទរ័ត្ន បានបង្ហោះសារជាសាធារណៈ ដោយភ្ជាប់រូបថត ២សន្លឹក ដែលមាននិមិត្តសញ្ញាគណបក្សកែទម្រង់កម្ពុជា ជាមួយនឹងខ្លឹមសារយ៉ាងដូច្នេះថា៖ «យើងបានដាក់ (គណបក្សកែទម្រង់កម្ពុជា) ចូលក្រសួងមហាផ្ទៃតាមការសម្រេច»

ទាក់ទងនឹងករណីនេះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រសួងមហាផ្ទៃបានឃើញហើយនូវលិខិតស្នើសុំបង្កើតគណបក្សកែទម្រង់កម្ពុជា ប៉ុន្តែលិខិតនេះមិនទាន់គ្រប់គ្រាន់តាមទម្រង់នៃច្បាប់នោះទេ។ «អញ្ចឹងយើងចាត់ទុកថា ពាក្យស្នើសុំនេះមិនទាន់អាចយកជាផ្លូវការទេ»

លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គណបក្សកែទម្រង់កម្ពុជា ត្រូវបានរៀបចំបង្កើតឡើងស្របតាមច្បាប់ ស្តីពីគណបក្សនយោយបាយរបស់កម្ពុជា ដែលកំពុងមានជាធរមាន។ មូលហេតុដែលបង្កើតគណបក្សកែទម្រង់កម្ពុជា ដោយសារតែលោក អ៊ូ ច័ន្ទរ័ត្ន និងអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលមានសម្បទាធ្វើនយោបាយឡើងវិញ អស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។

សូមជម្រាបថា រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន ១៤រូបហើយ ដែលត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ហើយយ៉ាងហោចណាស់មានគណបក្សថ្មីចំនួន៣ ត្រូវបានបង្កើតឡើង ឬដឹកនាំដោយអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ក្នុងនោះមានគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ គាំ ជាប្រធានកិត្តិយស, គណបក្សខ្មែរអភិរក្សនិយមរបស់ លោក រៀល ខេមរិន្ទ្រ និងគណបក្សខ្មែរស្រលាញ់ជាតិរបស់ លោក ជីវ កត្តា ជាដើម៕