(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការធ្វើមាតុភូមិនិវត្តន៍នៃវត្ថុបុរាណខ្មែរចំនួនជាង១០០រូបពីបរទេសមកវិញ ជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុតមិនធ្លាប់មានពីពេលមុនមក ហើយដែលក្នុងនោះសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុត ចំពោះបេសកកម្មនេះ។

នេះបើតាមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ របស់សម្តេចតេជោ ហ៊ុន សែន ដែល Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសារលិខិតយ៉ាងដូច្នេះថា «ចំពោះភាពជោគជ័យនៃកិច្ចចរចារយៈពេលជាង៣ឆ្នាំកន្លងមក ក្នុងការធ្វើមាតុភូមិនិវត្តន៍ វត្ថុបុរាណខ្មែរចំនួនជាង១០០រូបពីបរទេសមកវិញ ដែលអាចចាត់ទុកថា នេះជាការវិលត្រឡប់នៃវត្ថុបុរាណខ្មែរដ៏ច្រើនបំផុតមិនធ្លាប់មានពីពេលមុនមក ហើយដែលក្នុងនោះសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុត ចំពោះបេសកកម្មយាង និងអញ្ជើញព្រលឹងរបស់បុព្វបុរសខ្មែត្រឡប់មកមាតុភូមិវិញ ជាមង្គលរបស់ជាតិ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តម ដើម្បីវប្បធម៌ជាតិ»

សម្តេចតេជោ ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពនៃទីក្រុងសៀមរាប-អង្គរ ដែលជាដួងព្រលឹងជាតិ និងជាបេតិកភណ្ឌវប្បធម៌ ពិភពលោក ដូចដែលត្រូវបានប្រកាសជា «ទីក្រុងវប្បធម៌អាស៊ាន» សម្រាប់ឆ្នាំ២០២១-២០២២ នៅក្នុងកិច្ចប្រជុំលើកទី៩ របស់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌និងសិល្បៈដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០។

តាមរយៈការអភិរក្សជួសជុលសំណង់ និងវត្ថុបុរាណជាច្រើន និងការកែប្រែមុខមាត់ថ្មីនៃរមណីយដ្ឋានអង្គរ គឺជាការជួយរក្សានូវតឹកតាងប្រវត្តិសាស្ត្រ និងកិត្យានុភាពជាតិ ហើយការថែរក្សាការពារនេះអាចទទួលបានជោគជ័យ និងមាននិរន្តរភាពទៅបាន គឺតម្រូវឱ្យមានការចូលរួមគាំទ្រ និងជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋានទាំងអស់ជាពិសេស អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់ នៅក្នុងតំបន់បេតិកភណ្ឌ៕

ខាងក្រោមនេះជាសារលិខិតអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ របស់សម្តេចតេជោ ហ៊ុន សែន៖