(ត្បូងឃ្មុំ)៖ បន្ទាប់ពីរដ្ឋបាលខេត្តទទួលបានវ៉ាក់សាំង Sinopharm ការពារជំងឺកូវីដ-១៩ ពីរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ចាក់ការពារជំងឺ នៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ក្នុងក្រុងសួង ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ្ឌ បានណែនាំក្រើនរំលឹកដល់អ្នកដែលបានទទួលវ៉ាក់សាំងការពារ រួចហើយក៏ដោយក្តី តែចំណុច៣យ៉ាងត្រូវប្រតិបត្តិ ៣យ៉ាងត្រូវចៀសវាង ត្រូវតែបន្តអនុវត្ត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្ការទប់ស្កាត់ និងឈានទៅលុបបំបាត់ការឆ្លងរីករាល នៃជំងឺដ៏កាចសាហាវនេះ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ឲ្យមករដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈក្រសួងសុខាភិបាលនាពេលនេះមានចំនួន៥,០០០ដូស ដែលជំហ៊ានដំបូងនេះ ត្រូវបានផ្តល់ជូនចាក់ទៅលើកងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ដែលជាអ្នកនៅជួរមុខ និងប្រឈមខ្លាំងជាងគេ៕