(ភ្នំពេញ)៖ មុខសញ្ញាដែលតែងធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ យ៉ាងសកម្មនាពេលកន្លងទៅ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបានម្នាក់នៅចំណុចផ្លូវលំ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនល្មើសរូបនេះធ្លាប់ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារចំនួន៣លើកមកហើយ នៅឆ្នាំ២០១៣ នៅឆ្នាំ២០១៥ និងនៅឆ្នាំ២០១៩ ប៉ុន្តែនៅតែមានលទ្ធភាព និងសមត្ថភាពអាចចាកចេញពីពន្ធនាគារ ហើយបន្តសកម្មភាព ដដែល។ ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋមួយចំនួន មានជំនឿថា នៅពេលនេះ និងលើកនេះតុលាការនឹងឃុំខ្លួន ហើយកាត់ទោសទៅតាមច្បាប់ឲ្យតឹងរឹងបំផុត។

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ លោក ជួន សុរាសី ចៅក្រមស៊ើបសួរ បានចេញដីកាឃុំខ្លួនជននេះដាក់ពន្ធគារ ដោយសារឆក់កាបូប ជនរងគ្រោះនៅខណ្ឌទួលគោក។ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ លោក ហេង កេសរោ ចៅក្រមស៊ើបសួរសាលាដំបូង បានចេញដីកាឃុំខ្លួនជននេះដាក់ពន្ធនាគារ ដោយសារឆក់កាបូបរបស់ជនរងគ្រោះនៅខណ្ឌដូនពេញ។ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោក ឃុន សូណា ចៅក្រមស៊ើបសួរសាលាដំបូង បានចេញដីកាឃុំជននេះដាក់ពន្ធនាគារ ដោយសារឆក់កាបូបរបស់ជនរងគ្រោះនៅខណ្ឌ៧មករា។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ជនសង្ស័យត្រូវបាន ចាប់ខ្លួននៅថ្ងៃទី២៦ ខែកុម្ភៈ បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ទៅលើស្ដ្រីម្នាក់នៅចំណុចមុខភោជនីយ៍ដ្ឋានឬស្សីផ្អែម ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

មុខសញ្ញាដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ឈ្មោះ សេង វ៉ាន់ធី ហៅធីហើម អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខអា០៦ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ មុខសញ្ញានេះ ធ្លាប់ប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស យ៉ាងសកម្ម និងច្រើនករណីក្នុងរាជធានីភ្នំពេញកន្លងមក ហើយធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើក គឺនៅក្នុងឆ្នាំ២០១៣, ២០១៥ និង២០១៩។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ លេខតួ លេខម៉ាស៊ីន៥៨៨០៩៤១ ពាក់ផ្លាកលេខភ្នំពេញ1IN-0407 ជាមធ្យោបាយជិះធ្វើសកម្មភាព និងមួយគ្រឿងទៀត ម៉ាក Honda Scoopyi ពណ៌ស ស៊េរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន៨២០២៨៩៤ ពាក់ផ្លាកលេខភ្នំពេញ1IO-4414។

ដោយឡែកស្ដ្រីជនរងគ្រោះ ឈ្មោះ ហេង ស្រីមុំ អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤១ ផ្លូវលំ ភូមិព្រៃលិច សង្កាត់ព្រៃស ខណ្ឌដង្កោ សម្ភារបាត់បង់ កាបូបចំនួន០១, ប្រាក់ដុល្លារចំនួន ១៤,៣០០ដុល្លារ, ខ្សែកមួយខ្សែ, ទូរស័ព្ទដៃម៉ាក iPhone មួយគ្រឿង និងសៀវភៅធនាគារចំនួន០១ក្បាល។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕