(ភ្នំពេញ)៖ លទ្ធផលតេស្ដលើកទី១ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តកំពង់ចាម ទាំងអ្នកចូលរួមមង្គលការនៅស្រុកកងមាស និងកម្មករនៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ បង្ហាញថា អវិជ្ជមានជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹងពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

លោក អ៊ុន ចាន់ដា បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា ទាំងកម្មករសំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ៥៥នាក់ និងអ្នកពាក់ព័ន្ធពិធីមង្គលការនៅស្រុកកងមាស ចំនួន២៥២នាក់ អវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់គ្នា»

លោកអភិបាលខេត្តបានបន្ដថា ក្រោយដឹងលទ្ធផលនោះ កម្មករសំណង់ត្រូវបានអនុញ្ញាតឲ្យទៅបំពេញការងារធម្មតា ប៉ុន្ដែអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល។ ដោយឡែក សម្រាប់អ្នកពាក់ព័ន្ធក្នុងពិធីមង្គលការ គឺតម្រូវឲ្យបន្ដធ្វើចត្តាឡីស័កគ្រប់ចំនួនដែលបានកំណត់ដោយក្រសួង និងត្រៀមធ្វើតេស្តលើកទី២បន្តទៀត។

បន្ថែមពីលើនេះ រដ្ឋបាលខេត្តក៏បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញលទ្ធផលទាំងនេះផង និងអំពាវនាវឲ្យបងប្អូនដែលពាក់ព័ន្ធនឹងមង្គលការនៅភូមិកោះតូច ស្រុកកងមាស បន្តធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។

គួរជម្រាបថា នៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារមានការសង្ស័យទៅលើជនជាតិចិន០៨នាក់ ដែលទើបនឹងត្រឡប់មកពីភ្នំពេញ ហើយមានប្រវត្តិធ្លាប់ចេញ-ចូល នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ តាមការសាកសួររបស់មន្ត្រីសុខាភិបាលទៅលើជនជាតិចិនទាំង ០៨រូបនោះ ពួកគាត់បានផ្តល់ព័ត៌មានមិនច្បាស់លាស់។

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីបង្ការ ការពារការចម្លងនៃវីរុសកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ចាម បានណែនាំឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំជនជាតិចិន២១នាក់ និងកម្មករសំណង់ខ្មែរ ៣៤នាក់ (សរុប ៥៥នាក់) ដែលកំពុងសាងសង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម យកមកដាក់នៅដាច់ដោយឡែក ក្នុងមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដើម្បីពិនិត្យសុខភាព និងយកសំណាក ក្នុងការធានាបាននូវសុវត្ថិភាព និងកាត់ផ្តាច់ខ្សែចម្លងចូលក្នុងសហគមន៍៕