(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ សហការជាមួយ កម្លាំងនគរបាល ខណ្ឌឫស្សីកែវ បានចាប់ខ្លួនមុខសញ្ញាម្នាក់ ក្រោយពីធ្វើសកម្មភាពកាច់កសោរម៉ូតូ នៅមុខផ្ទះជនរងគ្រោះ ត្រៀមអូសចេញ ក៏ត្រូវម្ចាស់ម៉ូតូឃើញទាន់ ស្រែកថាចោរៗ ផ្អើលឆោរឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំង សមត្ថកិច្ច ដែលកំពុងយាម កាមល្បាត នៅក្បែរនោះចាប់ខ្លួនជនសង្ស័យបានភ្លាមៗតែម្ដង។

ហេតុការណ៍ ខាងលើនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះជួលក្រុមទី១៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ នាយប៉ុស្ដិ៍ឫស្សីកែវ លោក តូច គឹមសុង បានឲ្យដឹងថា ជនត្រូវចាប់ខ្លួនឈ្មោះ ផាម ស៊ុនវិន អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

ចំណែកជនរងគ្រោះឈ្មោះ ទូច ស្រីពៅ អាយុ២៩ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៧៧H ផ្លូវឡឥដ្ឋ ក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងជាម្ចាស់ម៉ូតូម៉ាកC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1AY-៧៨៣០ ។

លោក តូច គឹមសុង បានបន្តថា ខណៈជនរងគ្រោះទុកម៉ូតូនៅខាងមុខផ្ទះរបស់ខ្លួន ដោយចាក់សោរកត្រឹមត្រូវ មួយសន្ទុះក៏លេចមុខជនសង្ស័យ មកធ្វើសកម្មភាពកាច់ក សោរម៉ូតូត្រៀមអូសចេញក៏ត្រូវជនរងគ្រោះឃើញ និងស្រែកថាចោរ ៗមានការផ្អើលឆោរឡោដល់ប្រជាពលរដ្ឋ ជាពិសេសកម្លាំង សមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ និងប្រជាការពារ សង្កាត់ឫស្សីកែវ មកអន្តរាគមន៍ចាប់ខ្លួន ជនពាក់ព័ន្ធអំពើចោរកម្មបានភ្លាមៗ ដើម្បីយកមកធ្វើការសាកសួរ ។

លោកនាយប៉ុស្ដិ៍ឫស្សីកែវ បានបន្តទៀតថា ក្រោយសាកសួរ
ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដោយកាច់ក សោរម៉ូតូ ពិតប្រាកដមែន។ សូមបញ្ជាក់ថា បច្ចុប្បន្នជនត្រូវជាប់សង្ស័យអំពើចោរកម្ម "លួចម៉ូតូ" ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន និងសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ព្រមទាំងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួន បក្ខពួកដែលនៅសេសសល់៕