(តាកែវ)៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ មន្ទីរពេទ្យខេត្តតាកែវ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិនដល់មន្ដ្រីជួរមុខ គឺមន្ដ្រីសុខាភិបាល និងមន្ដ្រីនគរបាល។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សម្រាប់ខេត្តតាកែវ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៩,០០០ដូស សម្រាប់ចាក់មនុស្សចំនួន៤,៥០០នាក់ ហើយយុទ្ធនាការចាក់វ៉ាក់សាំងនៅថ្ងៃនេះ ធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយដំបូងចាក់ជូនមន្រ្តីសុខាភិបាល និងកងកម្លាំងនគរបាល។

លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺចាក់ចំពោះមនុស្សដែលមានអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំហើយ ក្នុងមនុស្សម្នាក់ៗត្រូវចាក់ចំនួន២ដង ទើបមានប្រសិទ្ធភាព។

លោក នុត ស៊ីណាត ក៏បានធ្វើការអំពាវនាវដល់មន្ដ្រី ក៏ដូចជាប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំការពារជំងឺកូវីដ-១៩ទាំងអស់ សូមកុំមានការព្រួយបារម្ភបន្ទាប់ពីការចាក់វ៉ាក់សាំងរួច ព្រោះថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនាក់បានចាក់ធ្វើជាគម្រូមុនគេ ហើយមិនទាន់មានអ្នកណាម្នាក់មានបញ្ហាអ្វីនោះទេ។ ម្យ៉ាងទៀតមុននឹងចាក់វ៉ាកសាំង ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យសុខភាពជាមុនទើបសម្រេចថា ចាក់ ឬមិនចាក់៕