(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉យ៉ាល់គ្រុប និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ បានថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក មកប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) តំណាងសម្តេចតេជោ ហ៊ុន សែន ដើម្បីបង្កើនជីវភាពដល់បងប្អូន អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

ការផ្តល់ថវិការនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា ។

បើតាមលោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា បានឲ្យដឹងថា៖ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺមានរយៈពេលជាង៣ឆ្នាំមកហើយក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ហើយសម្តេចក៏ជាប្រធានកិត្តិយស, លោក ឃួង ស្រេង ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ។

លោក ម៉េត មាសភក្តី បន្តថា មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០០នាក់ក្នុងម្នាក់៧ពាន់រៀល ក្នុងរយៈពេល១០ថ្ងៃស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ។ លោក ឃួង ស្រេង បានថ្លែងថា សម្តេចតេជោបានផ្តួចផ្តើមឲ្យមានការមូលនិធិនេះឡើងសំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង។ ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងប័ណ្ណ ប.ស.ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់។

លោកបន្តថា នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គោលបំណងសំខាន់ក្នុងការបង្កើតឲ្យមានមូលនិធិត្រីចក្រយានកម្ពុជានេះឡើង គឺដើម្បីរួមចំណែកជួយសម្រួលការលំបាករបស់បងប្អូនដោយគិតគូពីសុខភាព ជីវភាពរស់នៅរបស់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ និងដើម្បីរួមចំណែកលើកស្ទួយ និងអភិរក្ស និងអភិវឌ្ឍន៏ស៊ីក្លូដែលមានជាយូមកហើយឲ្យបានគង់វង់កុំឲ្យបាត់បង់។

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal group និងជាប្រធានក្រុមប្រឹក្សាធនាគារ Wing បានកោតសរសើរដល់លោក ឃួង ស្រេង ក្នុងការដឹកនាំអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យមានការរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ឋ និងការគិតគូរពីសុខភាព ប្រជាពលរដ្ឋពាក់ព័ន្ធ និងបញ្ហាកូវីដ~១៩ និងម៉្យាងទៀត ក៏ជួយសម្របសម្រួលដល់វិស័យឯកជនក្នុងការប្រកបរបររកស៊ីក្នុងរាជធានីភ្នំពេញ។

លោក ឃួង ស្រង បានបញ្ជាក់ជូនអ្នកឧកញ៉ា គិត ម៉េង ថា មូលនិធិនេះជាគំនិតផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដល់ជីវភាពអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញដែលមានជីវភាព នៅមានកម្រិតឲទទួលបានការហូបចុក និងការ រស់នៅដោយសមរម្យ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងមួយឆ្នាំមូលនិធិត្រីចក្រយានអាចនឹងត្រូវចំណាយក្នុងរង្វង់ ២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយសម្តេចតេជោ បានសម្រេចដាក់ថវិកាចូលមូលនិធិដំបូង៥០០លានរៀល (ប្រមាណ១៤ម៉ឺនដុល្លារអាមេរិក) ហើយឧបត្ថម្ភប្រចាំខែប្រមាណ ២ម៉ឺនដុល្លារថែមទៀតផង៕