(ប៉ៃលិន)៖ រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ ឬទឹកធ្លាក់អូរតាវ៉ៅ» ដែលស្ថិតក្នុងទឹកដី នៃខេត្តប៉ៃលិន បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យទៅទស្សនាតំបន់ដ៏ស្រស់បំព្រងមួយនេះយ៉ាងខ្លាំង។ តំបន់ធម្មជាតិនៅភាគខាងលិច នៃដែនដីសុវណ្ណភូមិនេះ មានទឹកធ្លាក់រហូតដល់ទៅ ៧ជាន់ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន និងមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។

រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» មានស្ទឹងធម្មជាតិដែលមានទឹកថ្លាឆ្វង់ មានជ្រោះទឹកហូរធ្លាក់បែកផ្កាត្រែងលើល្បាក់ថ្មដាយ៉ាងខ្ពស់ មានខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូង ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងយ៉ាងសប្បាយរីករាយក្រៃលែង។ បន្ថែមលើនេះ បរិវេណកម្សាន្តត្រូវបានកែច្នៃឲ្យមានកន្លែងអង្គុយលេងជាច្រើន មានខ្ចូសអង្គុយ ហើយអាហារលក់ដូរមិនថ្លៃនោះទេ។ ជាមួយគ្នានេះ មានកន្លែងសម្រាប់ទុកដាក់យានយន្ត ដោយមានសន្តិសុខយាមកាមយ៉ាងល្អ មិនព្រួយបារម្ភពីការបាត់បង់ឡើយ។

កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ ឣភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងមន្ត្រី នៃមន្ទីរឣង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើលការស្ថាបនាផ្លូវទៅកាន់ រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព សម្តៅទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

លោកស្រី បាន ស្រីមុំ បានណែនាំដល់ក្រុមការងារប្រចាំការនៅរមណីយដ្ឋានខាងលើ ត្រូវចេះរួសរាយរាក់ទាក់ មានស្នាមញញឹមជានិច្ច និងកុំប្រើពាក្យសម្តីមិនពិរោះទៅកាន់ភ្ញៀវទេសចរឡើយ។

សូមជម្រាបថា ដើម្បីទៅដល់រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ រហូតដល់ស្ពានថ្មអូរតាវ៉ៅ ហើយឡើងទៅប្រមាណជា ១០០ម៉ែត្រទៀត គេនឹងឃើញផ្លាកសញ្ញាបង្ហាញទីតាំង ត្រង់ម្ដុំផ្លូវបំបែកភូមិកូនខ្លុងពីខាងឆ្វេងដៃ។ គេក៏ត្រូវជិះបត់ចូលទៅប្រមាណ ៧គីឡូម៉ែត្រទៀត ទើបដល់ទីតាំងគួរជាទីមនោរម្យខាងលើនេះ៕