(សៀមរាប)៖ ក្រុមអ្នកជំនាញជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត មកដល់ពេលនេះ បានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យារួចរាល់ហើយ ព្រមទាំងបានជួសជុលច្រាំងស្រះបានចំនួន ៥៦ ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន ៦០,០០០ ម៉ែត្រគូប។

ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅផ្តិតរូបភាពប្រាសាទអង្គរវត្តពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុល និងលើកតម្លៃរចនាសម្ពន្ធស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ ២ ឆ្នាំក្រោយ។

លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលរចនាសម្ពន្ធស្រះខាងជើង បានឱ្យដឹងថា ការងារទាំងនេះបានចាប់ផ្តើមកិច្ចការស្រាវជ្រាវតាំងពីឆ្នាំ២០១៨ និងអនុវត្តការជួសជុលនៅឆ្នាំ២០២០។ បច្ចុប្បន្នមិនទាន់បើកឱ្យភ្ញៀវចូលផ្តិតរូបភាពទេ ព្រោះរចនាសម្ពន្ធស្រះខាងជើងខូចខាតខ្លាំង មិនទាន់ជួសជុលរួចរាល់ទាំងស្រុង។ ស្របនឹងពេលនេះ ការរីករាតត្បាតនៃជំងឺកូវីដ១៩ ក៏មិនមានភ្ញៀវមកទស្សនាដែរ។ ម្យ៉ាងវិញទៀត ក៏ទុកឱកាសឱ្យអ្នកជំនាញស្រាវជ្រាវ និងអ្នកជួសជុលងាយស្រួលបំពេញការងារបានល្អផង។

នាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរានៅសល់កាំជណ្តើរស្រះ ៣ ជ្រុងទៀតដែលត្រូវពង្រឹង និងកំពុងតែកំណាយមើលស្ថានភាពខូចខាតជាក់ស្តែង ដើម្បីលើកគម្រោងជួសជុលបន្ថែមចំនួន ៦៥ ម៉ែត្រ ឱ្យរួចរាល់ក្នុងរយៈពេល ២ ឆ្នាំទៀត តែបើជួបនឹងករណីស្រាវជ្រាវ វានឹងអាចពន្យារពេលយូរជាងនេះ។

រចនាសម្ពន្ធស្រះខាងជើងខូចខាតទ្រុឌទ្រោម ដោយសារថ្មភក់មានប្រតិកម្មខ្លាំងនឹងកម្តៅថ្ងៃជាមួយនឹងទឹកធ្វើឱ្យក្តៅសើមៗ បណ្តាលឱ្យថ្មភក់ងាយសឹករិចរិល ងាយនឹងបាក់បែក ហើយកន្លែងខ្លះបាត់ថ្ម ដែលធ្វើឱ្យមានចន្លោះប្រហោងបណ្តាលឱ្យទឹកហូរនាំដីច្រោះចូលទៅក្នុងស្រះ។ ដូច្នេះក្រុមការងារត្រូវការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រពង្រឹង ការបិទចន្លោះប្រហោងយ៉ាងម៉េចដើម្បីកុំឱ្យវាច្រោះទៀត។

លោក ស្រ៊ុន តិច បញ្ជាក់ថា ការអភិរក្សសំណង់បុរាណ ក្រុមការងារអត់អាចកំណត់បានដូចសំណង់សម័យទំនើបទេ ក្រុមការងារត្រូវការពេលវេលាយូរដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះ។ ក្រុមការងារមិនអាចធ្វើលឿនពេក ដោយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវ បច្ចេកទេសបុរាណ វិស្វកម្មបុរាណ ការប្រើប្រាស់វត្ថុធាតុដើមនោះឡើយ។ ដូច្នេះមុននឹងក្រុមការងារធ្វើពីកន្លែងមួយទៅកន្លែងមួយ ក្រុមការងារត្រូវកំណាយបើកដីមើលឱ្យអស់ពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ រួចសិក្សាប្លង់ តើត្រូវរៀបម៉េចឱ្យដូចទម្រង់ដើម ដែលសំខាន់សម្រាប់កិច្ចការអភិរក្សមិនអាចកែប្រែវាបានទេ។

ចំពោះស្រះខាងជើងនៃប្រាសាទអង្គរវត្ត ក៏ធ្លាប់មានប្រវត្តិជួសជុលកាលពីឆ្នាំ១៩២២ ដោយលោក ហង់រី ម៉ាកហ្សាល់។ គាត់បានរៀបផ្នែកខាងជើងម្តងរួចមកហើយ ដោយលោកបានកែលម្អលើកថ្មឱ្យមានទម្រង់ចេញជារូបរាងស្រះ៕