(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការម៉ាសចាំបាច់ ក្នុងប្រឆាំងនឹងការរាតត្បាតមេរោគកូវីដ១៩ក្នុងសហគមន៍ លោកឧកញ៉ា ហោ សំណាង និង គណ:គ្រប់គ្រងបានសម្រេចចូលរួមឧបត្ថម្ភម៉ាស់ចំនួន១លាន ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ។

ក្នុងពិធីប្រគល់និងទទួលម៉ាសនៅទីស្តីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ លោកសាស្ត្រាចារ្យ បានថ្លែងអំណរគុណ និងកោតសរសើរ ទឹកចិត្ដសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោកឧកញ៉ា ហោ សំណាង ដែលត្រូវបានចងចាំទុក ដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ដ្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ១៩ ក៏ដូចជាសបញ្ជាក់ពីការអរគុណសន្ដិភាព និងរួមចំណែកដ៏ថ្លៃថ្លា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ឱ្យបានកាន់តែឆាប់រហ័ស។

លោកឧកញ៉ា ហោ សំណាង បានសម្តែងនូវគារវកិច្ច និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់ទំាងអស់ ជាពិសេសក្រុមគ្រូពេទ្យដែលបាន និងកំពុងខិតខំយកចិត្តទុកដាក់ទទួលខុសត្រូវ ដើម្បីទប់ស្កាត់ និងយកឈ្នះការរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ជាភព្វ័សំណាងខ្ពស់ ក្រោមការដឹកនាំចាត់ចែងដ៏ប៉ិនប្រសប់ និងទាន់ពេលរបស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់កាលៈទេសៈលំបាករបស់ប្រជាជនជាក់ស្តែង ក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យប្រជាជនកម្ពុជាមានភាពកក់ក្តៅជឿជាក់ ធ្វើឲ្យសេដ្ឋកិច្ចជាតិទទួលរងប៉ះពាល់អវិជ្ជមានតិចតួចបំផុត។

លោកឧកញ៉ាគូសបញ្ជាក់ថា ការពុះពារ និងលះបង់របស់ថ្នាក់ដឹកនាំ និងការចូលរួមរបស់ប្រជាជនកម្ពុជា ជាងមួយឆ្នាំនេះ ធ្វើឲ្យអង្គការសុខភាពពិភពលោក WHO ទទួលស្គាល់កម្ពុជា ជាប្រទេសគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានល្អជាងគេបំផុត។ លោកឧកញ៉ាអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប អោយបន្តចូល រួមជាមួយរាជរដ្ឋាភិបាល និង ក្រសួងស្ថាប័នពាក់ពន្ធ័ទាំងអស់ តាមដានចែករំលែកព័ត៌មានរបស់ក្រសួង និងអប់រំ ដល់បងប្អូន មិត្តភក្រ័្ត ពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន គ្រប់ពេល។

លោកឧកញ៉ាសង្ឃឹមថា យើងទាំងអស់គ្នានឹងអាចយកឈ្នះជំងឺកូវីដ១៩ តាមរយៈការការពារ និងការស្មគ្រ័ចិត្តចាក់វ៉ាក់សាំងទាំងអស់គ្នា។ លោកឧកញ៉ា បានថ្លែងអំណរគុណដល់ លោកដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក្រសួង ដែលបានចំណាយពេលវេលាដ៏មានតម្លៃនេះ ទទួលម៉ាស់ដោយផ្ទាល់។ សូមគោរពជូនពរដល់ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋទូទាំងប្រទេស មានសុខភាពល្អ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច៕