(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជំហានទី២ ចំនួន៤០ម៉ឺនដូសទៀតដល់កម្ពុជា ។ នេះបើតាមការប្រកាសរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

ស្ថានទូតចិន បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួន យ៉ាងដូច្នេះថា៖ «ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ-១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា»

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ជំនួយរបស់ចិន តាមរយៈក្រសួងការពារជាតិជំហានទី២នេះ នឹងមកដល់កម្ពុជា នៅមុនបុណ្យចូលឆ្នាំខ្មែរ ប៉ុន្តែពេលវេលាជាក់លាក់នៅមិនទាន់រៀបចំនៅឡើយទេ។ សម្តេចបានបន្តថា វ៉ាក់សាំងដែលចិនផ្តល់ជំនួយមកកម្ពុជានេះ គឺជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម។

មិត្តចិន តាមរយៈសំណើរបស់ក្រសួងការពារជាតិកម្ពុជា បានសម្រេចផ្តល់ជំនួយវ៉ាក់សាំង Sinopharm ដល់កម្ពុជាចំនួន១លានដូស ក្នុងនោះការដឹកជញ្ជូនជំហានដំបូងចំនួន៦០ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។

រហូតមកដល់ពេលនេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ៥១,៩០៩នាក់ ក្នុងនោះមាននារី ៤,៨៨៧នាក់ ខណៈចាក់លើកទី២បានចំនួន៩៥១នាក់។ ដោយឡែក ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិល សរុបចំនួន៖ ១៦,៣៩០នាក់ ក្នុងនោះអ្នកចាក់លើកទី២សរុបចំនួន៖ ៥២៧នាក់៕