(កោះកុង)៖ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង លោក ខ្លឹម គគីរ បានប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ការផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នឹងដំណើរការឡើងវិញនៅព្រឹកស្អែក ក្រោយពីក្រុមហ៊ុន L.Y.P បានធ្វើការ ជួសជុលក្បាលបូមទឹកក្នុងអាងស្តុបរបស់ខ្លួន។

ប៉ុន្មានថ្ងៃនេះប្រជាពលរដ្ឋ ទូទាំងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា បានសម្តែងការរិៈគន់ចំពោះសេវាផ្គត់ផ្គង់ ទឹកស្អាតជូនដល់ពួកគាត់ ហើយថែមទឹកមានជាតិកករទៀតផង។ ចំពោះបញ្ហានេះ ក៏ត្រូវបានលោក ខ្លឹម គគីរ បានបញ្ជាក់ថា ខាងក្រុមហ៊ុនបានរបូតក្បាលម៉ាស៊ីនបូមទឹក ដូច្នេះពុំមានទឹកស្អាតប្រើប្រាស់។

លោកបានបញ្ជាក់ថា « ឥឡូវនេះ ខាងក្រុមហ៊ុន បានជួសជុលរួចហើយ និងកំពុងដាក់ឲ្យដំណើរការ តែមូលហេតុដែលធ្វើឲ្យ ទឹកមិនស្អាតនោះ គឺបណ្តាលមកពីការស្តារបាតអាងស្តុបទឹក ហើយជាពិសេស ទឹកដែលប្រជាពលរដ្ឋថា មិនស្អាតនោះ គឺកកនៅហ្នឹងទុយោទេ ពេលណាប្រជាពលរដ្ឋ បើកក្បាល រុំម៉ាណេវាតែងតែចេញហើយ»។

ប្រធានមន្ទីររូបនេះ ក៏បាន អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ចំពោះបញ្ហាខាងលើ ខាងក្រុមហ៊ុនបាន ឲ្យដំណឹងថា យប់នេះក្រុមហ៊ុនបូមទឹកបាតអាងចេញឲ្យហើយ ប្រហែលព្រឹកនេះ ទឹកស្អាតនឹងដំណើរការជាធម្មតាឡើងវិញ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងខេមភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងស្ថិតក្រោម ការប្រឈមនឹងកង្វះទឹកស្អាតរាល់ថ្ងៃ ដោយបានអះអាងថា ភាគីខាងក្រុមហ៊ុនទឹកស្អាត បើកឲ្យប្រើប្រាស់មិនគ្រប់ ទៅតាមតម្រូវការ នៃការប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។

ប្រជាពលរដ្ឋនាំគ្នាថ្អូញថ្អែរថា «នេះគ្រាន់តែក្នុងរយៈពេលក្នុងខែកុម្ភៈផង ចាប់ផ្តើមខ្វះខាតទឹកទៅហើយ ទម្រំខែខាងមុខទៀតមិនដឹងយ៉ាងណានោះ»៕