(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តសម្រេចចុះបិទទីតាំង៨កន្លែងទៀត ក្រោយរកឃើញថាមានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩។ នេះបើយោងតាមការជូនដំណឹងរបស់អភិបាលខេត្តព្រះសីហនុ ដែលបានផ្ញើជូនម្ចាស់ទីតាំងទាំង៨កន្លែង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

គិតត្រឹមថ្ងៃនេះ ទីតាំងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដកើនឡើងចំនួន២៨កន្លែងហើយនៅក្រុងព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានបានចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានតឹងរឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងវិធានអនាម័យរបស់ក្រសួងសុខាភិបាល។

សម្រាប់ករណីផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះ នៅក្រុងព្រះសីហនុ រកឃើញមានអ្នកកើតជំងឺមួយនេះ កើនឡើង៣០នាក់ហើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨០២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់ (ចំណែកអ្នកជំងឺ២នាក់ដែលបាត់នោះ ក្រសួងបានរកឃើញ និងនាំមកព្យាបាលនៅមន្ទីរពេទ្យហើយ)៕