(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ ក្រោយពីបានទទួលម៉ាស់ចំនួន៣០ម៉ឺនម៉ាស់ ពីក្រុមហ៊ុនរ៉ាកាន់ណាហ្គា ខេមបូឌា ក៏បានចែកបន្តជូនរដ្ឋបាលខណ្ឌ និងអធិការដ្ឋានខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនឯងផ្ទាល់ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក នៅ សារី អគ្គនាយកក្រុមហ៊ុន រ៉ាកាន់ណាហ្គា ខេមបូឌា ដែលបានឧបត្ថម្ភម៉ាស់ចំនួន ២៥ម៉ឺនម៉ាស់ និងលោក សុត គឹមសាន ចំនួន៥ម៉ឺនម៉ាស់។

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានលើកឡើងថា ការឧបត្ថម្ភនាពេលនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ចំពោះសុខទុក្ខរបស់ ប្រជាជនកម្ពុជា និងការចូលរួមរបស់ក្រុមហ៊ុន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ លោកស្រីក៏បានសំណូមពរអាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ សូមយកចិត្តទុក្ខដាក់បន្ថែមទៀត និងត្រូវចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយសហការជាមួយបុគ្គលិកសុខាភិបាល ជាពិសេសត្រូវពង្រឹងនូវការធ្វើចត្តាឡីស័ក និងការប្រមូលសំណាក ចំពោះទីតាំង និងមនុស្សដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងត្រូវចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈដែលរាជធានីភ្នំពេញ ក៏ដូចជាខេត្តមួយចំនួនបាននឹងកំពុងរងនូវផលប៉ះពាល់ នៃព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៨០២នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៧៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់៕