(កំពង់ស្ពឺ)៖ រមណីយដ្ឋានថ្មី នៃទំនប់អូរស្វាយ ដែលជាអាងស្តុកទឹកមួយកន្លែង ស្ថិតក្នុងឃុំស្រង់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានក្លាយទៅជាតំបន់ទេសចរណ៍ និងទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋពីតំបន់ផ្សេងៗលេងកម្សាន្ត។

ទំនប់អូរស្វាយត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដើម្បីរក្សាទុកទឹក សម្រាប់ស្រោចស្រពស្រែចម្ការ របស់ប្រជាពលរដ្ឋនារដូវប្រាំង។ តែដោយសារផ្ទៃទឹកលាតសន្ធឹងដ៏ល្វឹងល្វើយ បានបង្កើតទៅជាផ្ទាំងទស្សនីយភាពគួរជាទីគយគន់ និងបានទាក់ទាញអ្នកទេសចរទៅលេងកម្សាន្តកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រោយមានភ្ញៀវចេញចូលមកលេងនៅទីនេះជាញឹកញ៉ាប់ អាជ្ញាធរភូមិ-ឃុំ ក៏បានរៀបចំឲ្យមានកន្លែងសំរាកលំហែកាយ ចុះលេងទឹក បង្កើតបានជាតូបលក់ ចំណីម្ហូបអាហារ និងរៀបឲ្យមានកន្លែងលេងកម្សាន្ត។ អាជ្ញាធរ ក៏គ្រោងជំរុញរៀបចំតំបន់ទំនប់អូរស្វាយនេះ ទៅជាសហគមន៍ទេសចរណ៍ធម្មជាតិ ងាយស្រួលគ្រប់គ្រងផងដែរ។

លោក រស់ សុខ ប្រធានស្តីទីនៃមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ សរុបប្រមាណ១៨ទីតាំង តំបន់ទេសចរណ៍កែច្នៃមាន ៥ទីតាំង, តំបន់ទេសចរណ៍ធម្មជាតិមាន៨ទីតាំង និងតំបន់កសិទេសចរណ៍មាន៥ទីតាំង។

លោកបន្តថា តំបន់ទាំងនេះ បាននិងកំពុងពេញនិយមទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសគឺនៅថ្ងៃចុងសប្តាហ៍។

បើតាមលោក រស់ សុខ ការទាក់ទាញភ្ញៀវទេសចរនៃទំនប់អូរស្វាយនេះ បានរួមចំណែកបង្កើនចំណូលប្រជាពលរដ្ឋនៅក្នុងសហគមន៍ផងដែរ។

លោកបានអះអាងថា ប្រជាពលរដ្ឋ រស់នៅក្នុងភូមិអូរស្វាយ និងភូមិស្លា ស្ថិតនៅក្នុងឃុំស្រង់ ស្រុកគងពិសី បានរកចំណូលពីការលក់ម្ហូបអាហារ ភេសជ្ជៈ ជួលទូក ជួលទូកទាទឹក ជួលពោងកង់ឡាន ផ្ញើកង់ ម៉ូតូ រថយន្ត និងសេវាកម្មផ្សេងៗទៀត។

លោក រស់ សុខ បានលើកឡើងដែរថា តំបន់ទេសចរទំនប់អូរស្វាយ បានរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ និងជួយកាត់បន្ថយការធ្វើចំណាកស្រុកបានមួយចំនួនធំ។

គេអាចទៅកាន់ទំនប់អូរស្វាយ តាមផ្លូវលេខ១៤៣ ហើយមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីសាលាស្រុកគង់ពិសី។

លោកប្រធានស្តីទីនៃមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងបន្ថែមថា អាជ្ញាធរភូមិ-ឃុំ និងមនី្ទរទេសចរណ៍ខេត្ត បាននិងកំពុងរៀបចំកែច្នៃទំនប់អូរស្វាយ ប្ទៅជាកន្លែងសំរាកលំហែកាយ ស្រូបយកខ្យល់ឱកាសបរិសុទ្ធ ព្រមទាំងញ៉ាំអាហារ ដែលមានរស់ជាតិឆ្ងាញ់ និងជាកន្លែងលេងកំសាន្តដ៏មានសក្តានុពលនៅក្នុងស្រុក៕