(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្ដចេញសេចក្ដីអំពាវនាវលើកទី៤ ដល់ប្រជាពលរដ្ឋដើម្បីទប់ស្កាត់ ការឆ្លងរីករាលជំងឺកូវីដ-១៩ ក្រោយសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួនតូចនៅបន្ដជួបជុំគ្នា ខណៈមួយចំនួនធំបានអនុវត្តការរស់នៅតាមគន្លងថ្មី និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងសារអំពាវនាវដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា ស្ថានភាពនៅបន្ដជួបជុំនេះ ងាយបង្កការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ កាន់តែមានទំហំធំទៅៗ ដែលអាចឈានដល់ការពិបាកក្នុងការគ្រប់គ្រង។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដូចខាងក្រោម៖

*ទី១៖ សូមកុំទៅផ្សារទិញទំនិញញឹកញាប់ពេក ដោយទៅផ្សារម្ដងៗ ទិញទំនិញទុកសម្រាប់ប្រើប្រាស់ឲ្យបានច្រើនថ្ងៃ

*ទី២៖ សូមបញ្ឈប់ការជួបជុំគ្នានៅទីកន្លែងប្រមូលផ្តុំច្រើនកុះករក្នុងករណីមិនចាំបាច់ ហើយត្រូវអនុវត្តការរស់នៅតាមបែបគន្លងថ្មី ដោយខិតខំអនុវត្តឲ្យបាន ម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលរួមមាន៖ ៣ការពារ គឺ៖ ពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល (ចាប់ពី១,៥ម៉ែត្រឡើងទៅឲ្យបានគ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់) ៣កុំ គឺ៖ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងដែលមានខ្យល់ចេញ ចូលគ្រប់គ្រាន់, កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម។

*ទី៣៖ ចំពោះបងប្អូនអ្នករត់ម៉ូតូរ៉ឺម៉កកង់បី និង PassApp ត្រូវខិតខំអនុវត្តតាមវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់ដោយបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុល ដែលមុនពេលភ្ញៀវឡើង និងក្រោយពេលភ្ញៀវចុះពីយានយន្ត ហើយតម្រូវឲ្យពាក់ម៉ាសឲ្យបានត្រឹមត្រូវទាំងអ្នកបើកបរ និងភ្ញៀវទាំងអស់។

គួរជម្រាបថា សម្រាប់ករណីផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះ នៅក្រុងព្រះសីហនុ រកឃើញមានអ្នកកើតជំងឺមួយនេះ កើនឡើង៣០នាក់ហើយ។ ខណៈទីតាំងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ កើនឡើងចំនួន២០កន្លែងហើយ នៅក្រុងព្រះសីហនុ៕