(ភ្នំពេញ)៖ «ការវ៉ៃឈ្នះកូវីដ-១៩ នៅពេលនេះ មិនមែនរំពឹងលើតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ»។ នេះជាការបញ្ជាក់របស់ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ននេះ ឆ្លើយតបចំពោះ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានទី២ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩នៅចំពោះមុខ នៃការចម្លងសហគមន៍លើកទី៣ ដើម្បីពង្រឹងប្រព័ន្ធការពារសុខភាពសង្គមគឺនឹងអាចជំរុញឱ្យកម្ពុជាជំនះ បាននៅហានិភ័យដល់ផ្នែកសេដ្ឋកិច្ចនិងសង្គម។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះថា៖ «អរគុណនូវការលើកឡើងនេះ។ ប៉ុន្តែសូមកុំភ្លេចថា វ៉ាក់សាំងមួយមុខ មិនមែនជាដំណោះស្រាយមាសសម្រាប់ទប់ទល់ឆ្លើយតប ទៅនឹងការរាតត្បាតជំងឺកូវីដ-១៩ នោះឡើយ។ ការវ៉ៃឈ្នះកូវីដ-១៩ នៅពេលនេះ មិនមែនរំពឹងលេីតែវ៉ាក់សាំងមួយមុខប៉ុណ្ណោះទេ»

បើតាមលោកស្រី ឱ វណ្ណឌីន, វិធានការរួមគ្នាមាន៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង កូវីដ-១៩ មានតម្លៃស្មើនឹងការបង្កើតបាននូវកងការពារដ៏រឹងមាំសម្រាប់បុគ្គលក្នុងការការពារ ពីភាពធ្ងន់ធ្ងរសុខភាពដែលអាចកើតមានឡើងពីការវ៉ៃលុករបស់វីរុសកូវីដ-១៩ និងកាត់បន្ថយបាននូវបន្ទុកចូលសម្រាកពេទ្យផង និងកាត់បន្ថយបានជាអតិប្បរិមា នូវការកើតជំងឺនេះក្នុងសហគមន៍ផង។ ដូច្នេះការចាក់វ៉ាក់សាំង ក៏កំពុងតែធ្វើជាបន្តបន្ទាប់ (អាស្រ័យលើចំនួនវ៉ាក់សាំងដែលមានបច្ចុប្បន្ន) គួបគ្នាជាមួយនឹងការអនុវត្តវិធានការ ៣ការពារ និង ៣កុំ ដើម្បីឆ្លើយតបនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ។

ក្នុងនាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ ប្រជាពលរដ្ឋឱ្យបន្តអនុវត្តវិធានការ «៣ការពារ + ៣កុំ» ទោះជាមិនទាន់ដល់វេន ចាក់វ៉ាក់សាំងក៏ដោយ។ លោកស្រីសូមអធ្យាស្រ័យពីប្រជាពលរដ្ឋ ដោយវ៉ាក់សាំងទទួលបានមានកម្រិតចំនួន) ក៏មិនត្រូវរងចាំតែវ៉ាក់សាំង ហើយលោកស្រី ប្រាប់ ប្រជាពលរដ្ឋកុំឱ្យភ្លេចខ្លួន ឬមិនបានអនុវត្តវិធានការការពារខ្លួន ៣ការពារ និង ៣កុំ ឱ្យសោះ។

លោកស្រី បញ្ជាក់ថា «មានតែ ៣ការពារ និង ៣កុំ ដែលជួយលោកអ្នកបានរួចផុតពីការចម្លងវីរុសកូវីដ-១៩ ហើយដល់វេនចាក់វ៉ាក់សាំង សូមស្ម័គ្រចិត្តទីចាក់ ដើម្បីសុខភាពផ្ទាល់ខ្លួន សុខភាពក្រុមគ្រួសារ ខ្លួន និងសុខភាពសហគមន៍របស់ខ្លួនផងដែរ»