(ព្រះសីហនុ)៖ ជនជាតិចិន ប្រើកាំបិតចាក់ចិនដូចគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមដងផ្លូវក្បែររង្វង់មូលតោ២ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយជនសង្ស័យឡើងជិះតាក់ស៉ីរត់គេចខ្លួនបាត់ ប៉ុន្ដែប៉ុន្មានម៉ោងក្រោយសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ភ្លាមៗក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ និងបានឆែកកាំមេរ៉ាសុវត្តិភាពតាមដងផ្លូវ រហូតដល់វេលាម៉ោង១០យប់ ទើបដឹងថា ជនសង្ស័យបានជិះតាក់ស៊ីទៅសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

ដោយមានការចូលរួមសហការពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ និងអ្នកគ្រប់គ្រងសណ្ឋាគារ កម្លាំងសមត្ថកិច្ចបានធ្វើរដ្ឋបាលឆែកឆេរបន្ទប់ ដែលជនសង្ស័យស្នាក់នៅ (បន្ទប់លេខ 8703) ក៏ឃាត់ខ្លួនបានជនសង្ស័យ និងរកឃើញគ្រឿងញៀនមួយចំនួន រីឯវត្ថុតាងកាំបិតដែលជនសង្ស័យធ្វើសកម្មភាព ជនសង្ស័យបានយកទៅបោះចោលនៅក្នុងលូទឹកមុខសណ្ឋាគារ ហើយត្រូវកម្លាំងសមត្ថកិច្ចដកហូតយកមករក្សាទុករួចរាល់ហើយ។

ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ Liu Lei អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EE3739172 ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មុខរបរទេសចរណ៍ រងបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅគ្លីនចិនមួយកន្លែង មានទីតាំងស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។ រីឯជនសង្ស័យឈ្មោះ Zhang Xian Jin អាយុ២០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EJ1432430 ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

វត្ថុតាងចាប់យកបាន កាំបិតស្នៀត១ដើម (ឧបករណ៍ធ្វើសកម្មភាព), ថ្នាំWY សង្ស័យសារធាតុញៀន ចំនួន១៨គ្រាប់, ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ចំនួន៩កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង និងថង់សម្រាប់វេចខ្ចប់មួយចំនួន។ ជនសង្ស័យបានឆ្លើយថា ករណីនេះបានកើតឡើង ដោយសារជនរងគ្រោះបានមានទំនាក់ទំនងជាមួយសង្សារបស់ខ្លួន ហើយរូបគេខឹងទើបនៅថ្ងៃកើតហេតុ យកកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕