(កំពង់ចាម)៖ អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកកម្ទេចក្រណាត់មួយកន្លែង ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បំផ្លាញក្រណាត់អស់ជាង ៤០០តោន គិតជាទឹកប្រាក់អស់ប្រមាណជា ២០ម៉ឺនដុល្លារអាមេរិក។ គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ក្រោយទទួលបានសេចក្ដីរាយការណ៍ភ្លាម លោកបានបញ្ជាកម្លាំងជំនាញចេញរថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ដើម្បីអន្ដរាគមន៍ជួយសង្គ្រោះ។ ក្នុងនោះរថយន្ដពន្លត់អគ្គិភ័យខេត្ត ៣គ្រឿង, ស្រុកកំពង់សៀម ១គ្រឿង, ព្រៃឈរ ២គ្រឿង, បាធាយ ១គ្រឿង, ជើងព្រៃ ១គ្រឿង, កងមាស ១គ្រឿង, ស្ទឹងត្រង់ ១គ្រឿង និងចំការលើ ១គ្រឿង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយអន្ដរាគមន៍យ៉ាងយកចិត្តទុកដាក់ និងការដឹកនាំបញ្ជាផ្ទាល់ពី លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម រយៈពេល ៦ម៉ោង ទើបសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង និងមិនបណ្ដាឡឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយប្រើប្រាស់ទឹកអស់៩៩ឡាន។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ឃ្លាំងដែលត្រូវអគ្គិភ័យវាយប្រហារនេះ មានទំហំ ៣០ម៉ែត្រ គុណ ៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ ដែលមានម្ចាស់ឈ្មោះ រ៉ា វុធ ភេទប្រុស អាយុ ៤២ឆ្នាំ (រស់នៅរាជធានីភ្នំពេញ)។

ដោយឡែកទំហំនៃការខូចខាត ដែលបណ្ដាលមកពីអគ្គិភ័យនេះមានដូចជា ឡេវ៉ាល់ទ័រ១គ្រឿង, ឃ្លាំងមានទំហំ ៣០ម៉ែត្រ គុណ ៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ និងកម្ទេចសាច់ក្រណាត់ទម្ងន់ ៤០០តោន គិតជាទឹកប្រាក់ ជាង ២០ម៉ឺនដុល្លារ និងសម្ភារមួយចំនួនទៀតផងដែរ។ ចំពោះមូលហេតុដែលនាំឲ្យកើតអគ្គិភ័យនោះ គឺបណ្ដាលមកពីភ្លើងឆេះព្រៃ ហើយរាលដាលដល់រោងចក្រនេះ៕