(បាត់ដំបង)៖ អាជ្ញាធរថៃជូនដំណឹងមកកម្ពុជា ស្តីពីការបន្ថូរបន្ថយការដឹកជញ្ជូនទំនិញនៅច្រកទ្វារតំបន់ព្រំដែនសាប់តារី និងច្រកទ្វារតំបន់ព្រំដែនសួនសុំ ក្នុងខេត្តច័ន្ទបូរី ដោយសារតែស្ថានភាពជំងឺកូវីដ១៩ ក្នុងខេត្តជាប់ច្រកតំបន់នេះ ធូរស្រាលជាងមុន។

ក្នុងន័យនេះ គឺខាងកម្ពុជាក៏អាចដឹកជញ្ជូនទំនិញទៅថៃ ឆ្លងកាត់ច្រកទ្វារតំបន់អូរអន្លក់ និងអូររំដួល នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នេះបើតាមលិខិតដែលខាងភាគីថៃ ផ្ញើមកសមត្ថកិច្ចកម្ពុជាប្រចាំការនៅច្រកទ្វារតំបន់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្នុងលិខិតនោះបានឲ្យដឹងទៀតថា បច្ចុប្បន្នស្ថានការណ៍រីករាលជំងឺឆ្លងមេរោគកូរ៉ូណា ២០១៩ (COVID -19) នៅខេត្តច័ន្ទបុរី មានភាពធូរស្រាលជាបន្តបន្ទាប់ ស្ថិតក្នុងស្ថានការណ៍អាចគ្រប់គ្រងបាន ដូច្នេះដើម្បីកាត់ន្ថយផលប៉ះពាល់ និងជម្រុញសេដ្ឋកិច្ចនៅខេត្តច័ន្ទបុរី គណៈកម្មការរោគឆ្លងខេត្តច័ន្ទបុរី បានដាក់ចេញបទបញ្ជា ឲ្យបន្ធូរបន្ថយប្រើប្រាស់ច្រកទ្វារសំរាប់ការដឹកជញ្ជូនទំនិញឆ្លងព្រំដែននាំចេញ នាំចូលទំនិញ នៅច្រកទ្វារតំបន់សាប់តាវី ឃុំធុងខាណាន ស្រុកសយដាវ និងច្រកទ្វារតំបន់សួនសុំ ឃុំសាតន់ ស្រុកសយដាវ ដោយអនុញ្ញាតឲ្យមានមនុស្សមិនលើស ២នាក់ក្នុងរថយន្ត មានសញ្ជាតិថៃ ឬកម្ពុជា។

បើតាមលិខិតដដែល បានបន្ថែមថា ឲ្យនាំរថយន្តឆ្លងកាត់ច្រកទ្វារតំបន់ខាងលើ ចាប់ពីម៉ោង ០៨៖០០ ដល់ម៉ោង ១៧៖០០ ចំពោះរថយន្តរបស់បុគ្គលសញ្ជាតិកម្ពុជាដឹកជញ្ជូនទំនិញ មិនលើសពី ៣ ម៉ោង គិតចាប់ពីពេលរថយន្តចូលដល់ច្រកទ្វារ និងឲ្យអ្នកប្រចាំយានយន្តដឹកជញ្ជូនទំនិញត្រូវនៅលើរថយន្ត ករណីចាំបាច់ឲ្យនៅក្នុងកន្លែងដែលសមត្ថកិច្ចគ្រប់គ្រង ឬមន្ត្រីគ្រប់គ្រងរោគឆ្លងរៀបចំទីកន្លែង និងហាមចេញក្រៅដាច់ខាតពីកន្លែងដែលបានរៀបចំជូនចំពោះយានយន្តដឹកជញ្ជូនទំនិញរបស់បុគ្គលសញ្ជាតិថៃ ត្រូវមិនឲ្យលើលពី ៧ ម៉ោង គិតចាប់ពីរថយន្តចេញផុតច្រកទ្វារករណីមានការចាំបាច់ដែលមិនអាចអនុវត្តតាមបាន ឲ្យសមត្ថកិច្ច ឬមន្ត្រីចត្តាឡីស័កជាអ្នកពិនិត្យពិចារណាតាមករណីជាក់ស្តែង។

លោក នាង ច័ន្ទថារា ប្រធានស្នាក់ការច្រកទ្វារតំបន់ព្រំដែនអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានថ្លែងប្រាប់ថា ខាងរដ្ឋបាលខេត្ត បានស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃហើយ តែពុំមានចម្លើយឆ្លើយតបទេ។

លោកបន្តថា ប្រហែល ១សប្តាហ៍ទៀត ទើបអាចមានការសម្រេចពីក្រសួងមហាផ្ទៃ ទើបអនុញ្ញាតឲ្យបើកវិញបាន ព្រោះកន្លងមកនៅតាមព្រំដែនកំពុងប្រយ័ត្នរឿងការឆ្លងកូវីដ-១៩៕