(ប៉ៃលិន)៖ ក្រោយពីសង្កេតឃើញថា មួយរយ:ចុងក្រោយនេះ បន្លែកសិកម្មមានការធ្លាក់ថ្លៃខ្លាំងគួរឱ្យកត់សម្គាល់ ខណៈប្រទេសជួបវិបត្តិកូវីដ-១៩ ណាមួយប្រទេសជិតខាង គ្មានការបញ្ជាទិញ ទើបរហូតមដល់ព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១នេះ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញក្រោមឱវាទ ចុះពិនិត្យមើលស្ថានភាពរស់នៅការដាំដុះ របស់ប្រជាកសិករ ដែលកំពុងដាំដុះបន្លែបង្កា ធ្លាក់ចុះគ្មានទីផ្សារ មានដូចជាសណ្តែកកួរ ត្រប់ស្រួយ ម្ទេស ត្រសក់ជាដើម នៅក្នុងភូមិបាយសី និងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នៅក្នុងការចុះសួរសុខទុក លោកស្រីបានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែង ដាំដុះនូវបន្លែបង្កាគ្រប់ប្រភេទ ដោយត្រូវដាំឆ្លាស់គ្នា ពោលគឺកុំដាំដំណាំដូចៗ គ្នាច្រើនពេក ដែលនាំឱ្យមានការលំបាកក្នុងការរកទីផ្សារ ខណ:ពេលដែលទីផ្សារបរទេសមិនទទួលទិញដូចមុននោះទេ ព្រោះតែជួបនូវវិបត្តិកូវីដ-១៩ ជាសកល។

លោកស្រីបន្តទៀតថា ប្រជាកសិករ ដែលដាំបន្លែខាងលើ ត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាព របស់ប្រជាពលរដ្ឋ ដែលទិញបន្លែខាងលើ យកទៅធ្វើម្ហូបទទួលទាន គឺត្រូវប្រើជីធម្មជាតិ មិនត្រូវប្រើគីមីនោះឡើយ។ ម្យ៉ាងវិញទៀត បើសិនជាមានករណីជួបប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំ ដែលកំពុងដាំដុះ ត្រូវរាយការណ៍ជូនដល់មន្រ្តីជំនាញកសិកម្មខេត្ត ឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះដែរ អភិបាលខេត្តប៉ៃលិន ក៏បានណែនាំដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋាន ឲ្យបានញឹកញាប់ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករ ហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលា។ លើសពីនេះ មន្រ្តីជំនាញ ត្រូវតែចងក្រងប្រជាពលរដ្ឋជាសហគមន៍ ងាយស្រួលក្នុងការបង្ហាត់បង្រៀនពីវិធីដាំដុះ ថែទាំ និងតាមស្តង់ដាទីផ្សារ ទើបបន្លែបង្កាទាំងនោះមានការគាំទ្រច្រើនពីអតិថិជន។ លោកស្រី ក៏បានអំពាវនាវដល់ប្រពលរដ្ឋទាំងអស់ មេត្តាជួយគាំទ្របន្លែបង្កាដែលផលិតក្នុងស្រុក ព្រោះជាបន្លែធម្មជាតិ គ្មានសារធាតុគីមី ប៉ះពាល់ដល់សុខភាពនោះទេ

ចំណែកប្រជាកសិករ បានរីករាយសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលឃើញថ្នាក់ដឹកនាំខេត្តប៉ៃលិន ចុះសួរសុខទុក រហូតដល់កន្លែងដាំដុះ និងបានជួយទិញបន្លែបង្កាពួកគាត់រាប់រយគីឡក្រាម ដើម្បីយកទៅធ្វើម្ហូបសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅធ្វើចត្តឡីស័កក្នុងខេត្តប៉ៃលិន៕